Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae In ថា ការចោទប្រកាន់លោកពីបទពុករលួយ គឺមានបង្កប់ហេតុផលនយោបាយ (Video inside)

25-04-2025 14:51

(សេអ៊ូល)៖ នៅថ្ងៃសុក្រ ទី២៥ ខែមេសា អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae in បាននិយាយថា ស្ថាប័នរដ្ឋអាជ្ញាកំពុងមានលក្ខណៈនយោបាយកាន់តែខ្លាំង និងប្រើប្រាស់សិទ្ធិអំណាចយ៉ាងបំពាន ហើយលោកបានអះអាងថា ការចោទប្រកាន់​មកលើរូបលោក ពីបទទទួលសំណូក គឺជាឧទាហរណ៍ដ៏ប្រសើរមួយ សម្រាប់ការលើកឡើងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានចោទប្រកាន់ លោក Moon ក្រោមការសង្ស័យថា បានទទួលសំណូក ជាហេតុធ្វើឱ្យលោកក្លាយជា អតីតមេដឹកនាំចុងក្រោយបំផុត នៃប្រទេសអាស៉ីបូព៌ាមួយនេះ ដែលត្រូវប្រឈមមុខជាមួយរឿងក្តីក្តាំង ក្នុងសំណុំរឿងជាប់ពាក់ព័ន្ធទៅនឹង ការតែងតាំងអតីតកូនប្រសារបស់លោក ឱ្យធ្វើការនៅក្រុមហ៊ុនអាកាសចរណ៍មួយ កាលពីចន្លោះ​ឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។

អតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បាននិយាយថា ការចោទប្រកាន់លើរូបលោក គឺជាទង្វើអយុត្តិធម៌ និងបានចោទទៅកាន់ខាងរដ្ឋអាជ្ញាថា បានបង្កើតសំណុំរឿងក្នុងទិសដៅមួយ ដែលត្រូវបានកំណត់លទ្ធផលទុកមុនរួចជាស្រេច។ អំឡុងជំនួបជាមួយប្រធានរដ្ឋសភាកូរ៉េ លោក Woo Won Sik លោក Moon បានលើកឡើងថា «ក្រៅពីបង្ហាញភាពស្អាតស្អំរបស់ខ្ញុំ ខ្ញុំគ្រោងផ្តោតទៅលើការបកអាក្រាត និង​ជូនដំណឹងទៅកាន់សាធារណជន អំពីការរំលោភបំពាន និងបង្កប់ចេតនានយោបាយ នៃសិទ្ធិអំណាចរបស់ស្ថាប័នរដ្ឋអាជ្ញា»

កន្លងមកនេះ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានបើកការស៉ើបអង្កេតដើម្បីកំណត់ថា តើការតែងតាំងអតីតសមាជិកសភាកូរ៉េ លោក Lee Sang Jik ជាប្រធានទីភ្នាក់ងារ SMEs និង Startups តាមពិតគឺជាការដោះដូរ ដើម្បីឱ្យអតីតកូនប្រសាប្រុសរបស់លោក Moon ទទួលបានការងារ ហើយបានប្រាក់ខែបូករួមជាមួយលុយអត្ថប្រយោជន៍ផ្សេងទៀត នៅអាកាសចរណ៍ Thai Eastar Jet ដែលលោក Lee ជាអ្នកគ្រប់គ្រងកាលពីចន្លោះឆ្នាំ២០១៨-២០២០ ឬយ៉ាងណា។ លោក Lee ក៏ត្រូវបានចោទប្រកាន់​ពីបទសូកប៉ាន់ និងរំលោភទំនុកចិត្តផងដែរ។

ខាងរដ្ឋអាជ្ញាបានអះអាងថា ប្រាក់ខែនិងលុយផ្សេងទៀត ដែលកូនប្រសាលោក Moon ទទួលបាន អំឡុងពេល​កាន់តួនាទីជា នាយកចាត់ចែងនៅអាកាសចរណ៍ Thai Eastar Jet សរុបប្រមាណ ២១៨លានវ៉ុន ឬ១៧៧ ៥០៦ដុល្លារ គឺមានភាពមិនប្រក្រតី ហើយស្មើនឹងការផ្តល់សំណូកឱ្យទៅលោក Moon។ ក្នុងសេចក្តីថ្លែងការណ៍មួយ មេធាវីលោក Moon បានច្រានចោលការចោទប្រកាន់នេះ ហើយអះអាងថា អ្វីដែលអតីតកូនប្រសាលោក Moon ទទួលបានគឺជាប្រាក់ខែនិងប្រាក់ឧបត្ថម្ភស្របច្បាប់របស់គេ។ កូនប្រសានោះ បានលែងលះគ្នាជាមួយកូនស្រីលោក Moon នៅឆ្នាំ២០២១។

គួរបញ្ជាក់ថា ក្រុមមេធាវីលោក Moon Jae In ក៏បានចោទប្រកាន់ រដ្ឋអាជ្ញាថា កំណត់គោលដៅដោយហេតុផលនយោបាយ លើលោក Moon នៅមុនការបោះឆ្នោតប្រធានាធិបតីផងដែរ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ក្រោយការដកតំណែង អតីតប្រធានាធិបតី លោក Yoon Suk Yeol។ លោក Lee Jae Myung អតីតប្រធានគណបក្ស Democratic Party (DP) បច្ចុប្បន្នជាបេក្ខជនកំពុងមានប្រជាប្រិយភាពនាំមុខ ធៀបនឹងបេក្ខជនរបស់គណបក្សកាន់អំណាច People Power Party (PPP)។ លោក Moon មកពីគណបក្ស DP ខណៈលោក Yoon គឺមកពីបក្ស PPP៕