(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដំណើរទៅកាន់អឺរ៉ុប សម្រាប់កិច្ចពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ជាមួយនិងសញ្ញាពីបារាំងថា មហាអំណាចអឺរ៉ុប ក៏បានត្រៀមលក្ខណៈជាស្រេច​សម្រាប់ការពិភាក្សាផងដែរ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ ២០២៥។

ចាប់តាំងពីខែកញ្ញា ឆ្នាំមុនមក ទីក្រុងតេហេរ៉ង់ និងមហាអំណាចអឺរ៉ុបទាំងបីដែលគេស្គាល់ថា E3 រួមមាន បារាំង អង់គ្លេស និង អាល្លឺម៉ង់ បានធ្វើការពិភាក្សាជាច្រើនលើករួចមកហើយ ជុំវិញទំនាក់ទំនងរបស់ពួកគេ និងបញ្ហានុយក្លេអ៊ែរ។ ក្នុងខែមីនា ឆ្នាំនេះ ការពិភាក្សាត្រូវបានធ្វើឡើងនៅកម្រិតបច្ចេកទេស ដោយសម្លឹងរកការព្រមព្រៀងនាពេលអនាគត ដើម្បីឱ្យកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ត្រឡប់ក្រោយ ជាថ្នូរនឹងការដកទណ្ឌកម្ម។

លោក Araqchi បានសរសេរនៅលើបណ្តាញសង្គម X ថា «ទំនាក់ទំនងរវាងអ៉ីរ៉ង់ជាមួយ E3 ជួបប្រទះនឹងភាពឡើងចុះ ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។ បន្ទាប់ពីការពិគ្រោះថ្មីៗរបស់ខ្ញុំនៅទីក្រុងមូស្គូ និងប៉េកាំង ខ្ញុំបានត្រៀមខ្លួនជាស្រេច ក្នុងជំហានដំបូង ជាមួយនិងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស បែរឡាំង និងទីក្រុងឡុងដ៍»

បេីតាមក្រុមអ្នកការទូតអឺរ៉ុប ពួកគេកំពុងស្វែងរកកិច្ចប្រជុំថ្មីជាមួយអ៉ីរ៉ង់ បេីទោះបីជាវាលេចឡើងនៅពេលដែលទីក្រុងតេហេរ៉ង់ ចាប់ផ្តើមកិច្ចចរចាដោយប្រយោលស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាមួយសហរដ្ឋអាមេរិកក៏ដោយ៕