(សេអ៊ូល)៖ ក្រុមអ្នកឃ្លាំមើលសេរីភាពសារព័ត៌មានអន្តរជាតិ បានចុះឈ្មោះមេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅក្នុងបញ្ជីនៃអ្នកដែលបានបំបិទសិទ្ធិសេរីភាពសារព័ត៌មាន នៅលើពិភពលោក និងបានចាត់ទុកប្រមុខដឹកកំពូលរូបនេះថា ជាជនដែលអាក្រក់ជាបង្អស់នៅក្នុងបញ្ជីនោះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
ដោយបានចេញផ្សាយជាសាធារណៈនូវបញ្ជីខាងលើ អង្គការក្រៅរដ្ឋាភិបាល Reporters Without Border (RSF) របស់បារាំងដែលមានតួនាទីឃ្លាំមើលសេរីភាព នៃសារព័ត៌មានជុំវិញពិភពលោក បានលើកឡើងថា នៅក្នុងប្រទេសកូរ៉េខាងជើងមានសារព័ត៌មានតែមួយប្រភេទគត់ ហើយកម្មវត្ថុរបស់វា គឺធ្វើការផ្សព្វផ្សាយឃោសនា និងកោតសើររបបដឹកនាំនៃប្រទេសកុម្មុនិស្តមួយនេះ ហើយការផ្សព្វផ្សាយ ព័ត៌មានដោយសេរី និងទូលំទូលាយគឺមិនអាចទៅរួចបានឡើយនៅក្រោមប្រព័ន្ធដឹកនាំរបស់ ទីក្រុងព្យុងយ៉ាង។
RSF បានបន្តថា គ្មានស្ថាប័នព័ត៌មានឯករាជ្យណាផ្សេងនៅក្នុងប្រទេសកូរ៉េខាងជើង ក្រៅពីការឃោសនាបញ្ចុះបញ្ចូលប្រជាពលរដ្ឋរបស់ខ្លួន ឲ្យគោរពតាមរបបដឹកនាំផ្តាច់ការ និងកោតសសើរគណបក្សកាន់អំណាច ក៏ដូចជាកងកម្លាំងយោធាកូរ៉េខាងជើង ហើយជាពិសេសនោះ គឺមេដឹកនាំផុតលេខរបស់ពួកគេ លោក គីម ជុងអ៊ុន តែម្តង។
ពាក់ព័ន្ធនឹងបញ្ហាសេរីសារព័ត៌មាននៅក្នុងប្រទេសនេះ កាលពីខែឧសភាកន្លងទៅនេះ អ្នកកាសែតរបស់ BBC លោក Rupert Wingfield-Hayes ត្រូវបានបណ្តេញចេញពីទីក្រុងព្យុងយ៉ាង បន្ទាប់ពីត្រូវបាន ឃាត់ខ្លួនដោយសារតែបានសរសេរព័ត៌មាន ដែលបង្កផងប៉ះពាល់ខ្លាំងដល់របបដឹកនាំនៅក្នុងប្រទេស កូរ៉េខាងជើង ហើយកាលនោះលោក Rupert និងអ្នកកាសែតបរទេសផ្សេងទៀតត្រូវបានអញ្ចើញ ទៅកាន់ទីនោះដោយរដ្ឋាភិបាលរបស់កូរ៉េខាងជើង៕