(អ៉ីស្លាម៉ាបាដ)៖ រដ្ឋាភិបាលប៉ាគីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា បានចាត់វិធានការសងសឹកជាច្រើនប្រឆាំងនឹងឥណ្ឌា ដែលបានចោទទីក្រុងអ៉ីស្លាម៉ាបាដថាបានគាំទ្រដល់ ការវាយប្រហារភេរវកម្មឆ្លងដែន បន្ទាប់ពីមានការវាយប្រហារដ៏ព្រៃផ្សៃមួយលើក្រុមអ្នកទេសចរឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានកោះប្រជុំដ៏កម្រមួយនៃគណៈកម្មាធិការសន្តិសុខជាតិ (NSC) ជាមួយក្រុមមន្ត្រីយោធាកំពូលៗ ក្នុងនោះរួមមានទាំងប្រមុខកងទ័ព ប៉ាគីស្ថាន លោក Asim Munir នៅក្នុងទីក្រុងអ៉ីស្លាម៉ាបាដ។ នៅក្នុងសេចក្ដីថ្លែងការណ៍ ក្រោយកិច្ចប្រជុំ NSC ការិយាល័យនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានគូសបញ្ជាក់ថា «ការគំរាមកំហែង ណាមួយចំពោះអធិបតេយ្យប៉ាគីស្ថាន និងសន្តិសុខរបស់ប្រជាជនប៉ាគីស្ថាន នឹងត្រូវទទួលរងការវាយបកវិញយ៉ាងចាស់ដៃ»

ការព្រមានរបស់ប៉ាគីស្ថាន ធ្វើឡើងបន្ទាប់ពីឥណ្ឌា បានប្រកាសផ្អាកសន្ធិសញ្ញាបែងចែកការប្រើប្រាស់ទឹកទន្លេ Indus ព្រមទាំងបិទព្រំដែនគោកជាមួយប៉ាគីស្ថាន បន្ថយទំនាក់ទំនងទូត និងលុបចោលការផ្ដល់ទិដ្ឋាការដល់ពលរដ្ឋប៉ាគីស្ថាន កាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ។ ពោលគឺ២៤ម៉ោង បន្ទាប់ពីខ្មាន់កាំភ្លើង បានបាញ់សម្លាប់មនុស្ស២៦នាក់ នៅក្នុងតំបន់កាស្មៀរ ផ្នែកគ្រប់គ្រងដោយឥណ្ឌា។ ជាការឆ្លើយតប ប៉ាគីស្ថាន ក៏បានចាត់វិធានការសងសឹកវិញផងដែរកាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះរួមមានការបណ្ដេញមន្ត្រីការទូតឥណ្ឌាមួយចំនួន និងលុបចោលការផ្ដល់ទិដ្ឋាការឱ្យពលរដ្ឋឥណ្ឌា លើកលែងតែជនជាតិ Sikh៕