Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឥណ្ឌាកោះហៅអ្នកការទូតកំពូលប៉ាគីស្ថាន ក្រោយការវាយប្រហារសម្លាប់មនុស្ស ២៦នាក់ នៅឯតំបន់ Kashmir (Video inside)

24-04-2025 15:25

(ញូវដេលី)៖ ឥណ្ឌា បានកោះហៅអ្នកការទូតកំពូលរបស់ប៉ាគីស្ថាន ប្រចាំទីក្រុងញូវដេលី មកជួប មួយថ្ងៃក្រោយប្រកាសបន្ថយទំនាក់ទំនង ជាមួយទីក្រុងអ៉ីស្លាម៉ាបាដ បន្ទាប់ពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ សម្លាប់មនុស្ស ២៦នាក់នៅឯតំបន់ Kashmir។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ ២០២៥។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ឥណ្ឌា បានប្រាប់ទៅកាន់អ្នកការទូតកំពូលប៉ាគីស្ថានថា ទីប្រឹក្សាការពារជាតិនៃបេសកកម្មរបស់ប៉ាគីស្ថាន គឺជាបុគ្គលដែលមិនត្រូវបានស្វាគមន៍ ហើយទុកពេលមួយសប្តាហ៍ឱ្យពួកគេចាកចេញ។

រដ្ឋលេខាធិការនៃក្រសួងការបរទេសឥណ្ឌា លោក Vikram Misri បាននិយាយថា វាមានជាប់ពាក់ព័ន្ធទៅនឹង ការវាយប្រហារឆ្លងព្រំដែន ហើយទីក្រុងញូវដេលី នឹងផ្អាកសន្ធិសញ្ញាចែករំលែកទន្លេ អាយុកាល ៦ទសវត្សរ៍ ក៏ដូចជាបិទច្រកឆ្លងកាត់ដីគោកតែមួយគត់ រវាងប្រទេសទាំងពីរ។ ឥណ្ឌា​ក៏ ​នឹង​ដកបុគ្គលិកការពារ​ជាតិ​ចេញពីប៉ាគីស្ថាន​ ហើយ​កាត់​បន្ថយ​ចំនួន​បុគ្គលិក​ក្នុង​បេសកកម្ម​ នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ ពីចំនួន ៥៥នាក់​មកនៅ​ត្រឹម ៣០នាក់ផងដែរ​។

គួរបញ្ជាក់ថា ការវាយប្រហារមួយ ដែល​សង្ស័យថាធ្វើឡើងដោយក្រុម​សកម្មប្រយុទ្ធ​ បានសម្លាប់​បុរសចំនួន ​២៦​នាក់ ​នៅ​តំបន់​ទេសចរណ៍ ​ក្នុង​តំបន់​ Kashmir ដែលជា​​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​បំផុត​លើ​ជន​ស៉ីវិល និងមិនធ្លាប់មាន​​ក្នុង​រយៈ​ពេល​ជិត​ពីរ​ទសវត្សរ៍​៕