រដ្ឋអាជ្ញាកូរ៉េខាងត្បូង ចោទប្រកាន់អតីតប្រធានាធិបតី លោក Moon Jae In ពីបទពុករលួយ (Video inside)
24-04-2025 14:58
(សេអ៊ូល)៖ អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញានៃប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានចោទប្រកាន់អតីតប្រធានាធិបតី លោក Moon Jae In ពីបទសង្ស័យទទួលសំណូក ក្នុងសំណុំរឿងពាក់ព័ន្ធការតែងតាំងកូនប្រសារបស់លោក នៅក្រុមហ៊ុនអាកាសចរណ៍មួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Moon អាយុ៧២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទទទួលសំណូក ខណៈអតីតសមាជិកសភា លោក Lee Sang Jik ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ និងរំលោភទំនុកចិត្ត។ កន្លងមកនេះ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានបើកការស៉ើបអង្កេតដើម្បីកំណត់ថា តើការតែងតាំងលោក Lee ជាប្រធានទីភ្នាក់ងារ SMEs និង Startups តាមពិតគឺជាការដោះដូរ ដើម្បីឱ្យកូនប្រសាប្រុសរបស់លោក Moon ទទួលបានការងារ ហើយបានប្រាក់ខែបូករួមជាមួយលុយអត្ថប្រយោជន៍ផ្សេងទៀត នៅអាកាសចរណ៍ Eastar Jet ដែលលោក Lee ជាអ្នកគ្រប់គ្រងកាលពីចន្លោះឆ្នាំ២០១៨-២០២០ ឬយ៉ាងណា។
ខាងរដ្ឋអាជ្ញាបានអះអាងថា ប្រាក់ខែនិងលុយផ្សេងទៀត ដែលកូនប្រសាលោក Moon ទទួលបាន អំឡុងពេលកាន់តួនាទីជា នាយកចាត់ចែងនៅអាកាសចរណ៍ Eastar Jet សរុបប្រមាណ ២១៨លានវ៉ុន ឬ១៧៧ ៥០៦ដុល្លារ គឺមានភាពមិនប្រក្រតី ហើយស្មើនឹងការផ្តល់សំណូកឱ្យទៅលោក Moon។
គួរបញ្ជាក់ថា លោក Moon Jae in បានកាន់តំណែងជា ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២២។ លោក Yoon Suk Yeol បានក្លាយជាប្រធានាធិបតី បន្តពីរូបលោក។ យ៉ាងណាមិញ លោក Yoon ត្រូវបានតុលាការធម្មនុញ្ញ ទម្លាក់ពីតំណែងក្នុងខែមេសានេះ ដោយសារតែការប៉ុនប៉ងដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក កាលពីចុងឆ្នាំមុន។ ក្រោយអស់តំណែង លោក Yoon ក៏កំពុងប្រឈមផងដែរ នូវសំណុំរឿងចោទប្រកាន់ដឹកនាំការបះបោរ ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកនោះ ដែលបើត្រូវរកឃើញមានទោសមែននោះ គឺរូបលោកអាចត្រូវជាប់ពន្ធនាគារមួយជីវិត ឬដល់ថ្នាក់ត្រូវប្រហារជីវិតតែម្តង៕