(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយមុនកិច្ចចរចារវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងតេហេរ៉ង់ នាថ្ងៃសៅរ៍ខាងមុខនេះថា អ៉ីរ៉ង់នឹង​ត្រូវ​បញ្ឈប់​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម ​ក្រោម​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ជាមួយ​សហរដ្ឋ​អាមេរិក ហើយ​អាច​នាំ​ចូល​តែ​អ្វី​ដែល​ខ្លួនត្រូវ​ការ ​សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ​ស៉ីវិល (Civilian nuclear program) ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ ២០២៥។

​កម្មវិធី​នុយក្លេអ៊ែរ​ស៉ីវិល សំដៅដល់​​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ថាមពល​នុយក្លេអ៊ែរ ក៏ដូចជាឃ្លាំង​វិទ្យាសាស្ត្រ​​ជំនាន់​ក្រោយ ​នៃមន្ទីរពិសោធន៍​ជាតិ។ លោក Rubio គូសបញ្ជាក់ថា «មានទម្រង់មួយ ប្រសិនបើពួកគេនៅតែចង់បាន នោះគឺលក្ខណៈជាកម្មវិធីនុយក្លេអ៊ែរស៉ីវិល និងសន្តិភាព។ ប៉ុន្តែបើពួកគេចចេស នោះពួកគេនឹងក្លាយជាប្រទេសតែមួយគត់ក្នុងពិភពលោក ដែលមិនមានកម្មវិធីអាវុធបែបនោះ ដូច្នេះខ្ញុំគិតថាវាជាបញ្ហា»។ យ៉ាងនេះក្តី អ៉ីរ៉ង់ធ្លាប់បញ្ជាក់ច្បាស់ហើយថា កត្តាសិទ្ធិក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម មិនអាចលើកយកមកចរចាបានទេ។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ អ៉ីរ៉ង់កំពុងពន្លឿនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដល់កម្រិត ៦០ភាគរយ ដែលជិតឈានដល់កម្រិតមួយអាចផលិតអាវុធនុយក្លេអ៊ែរបាន។ សហរដ្ឋអាមេរិក កំពុងស្វែងរកការរារាំងអ៉ីរ៉ង់ពីការអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរ ហើយប្រធានាធិបតី លោក ដូណាល់ ត្រាំ បានដាក់ចេញនូវយុទ្ធនាការដាក់សម្ពាធជាអតិបរមា រួមមានទាំងទណ្ឌកម្ម និងការគំរាមប្រើប្រាស់កម្លាំងយោធា ប្រសិនបើអ៉ីរ៉ង់មិនបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕