(អ៊ីស្លាម៉ាបាដ)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសប៉ាគីស្ថានបានឲ្យដឹងថា មនុស្សយ៉ាងណាស់ ១១នាក់បានស្លាប់បាត់បង់ជីវិត និងជាង៤០នាក់ផ្សេងទៀតបានទទួលរងរបួសធ្ងន់ បន្ទាប់ពីរថភ្លើង ដឹកអ្នកដំណើរចំនួនពីរខ្សែបានបុកគ្នាយ៉ាងពេញទំហឹង នៅក្នុងទីក្រុង Karachi ភាគខាងត្បូងប្រទេស នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
ស្ថានីយទូរទស្សន៍ ARY News របស់ប្រទេសប៉ាគីស្ថានបានផ្សព្វផ្សាយថាហេតុការណ៍គ្រោះថ្នាក់ ខាងលើបានកើតឡើងនៅពេលដែល រថភ្លើងដឹកអ្នកដំណើរ Farid Express បានទៅបុកជាមួយនឹង រថភ្លើងដឹកអ្នកដំណើរមួយខ្សែទៀតយ៉ាងពេញទំហឹងនៅក្នុងទីក្រុង Karachi ហើយភ្លាមៗនោះប៉ូលិស និងក្រុមជួយសង្រ្គោះបានប្រញាប់រួសរាន់ទៅកាន់កន្លែងកើតហេតុជាបន្ទាន់ និងបានបញ្ជូនសាកសព ជនរងគ្រោះ និងអ្នកដែលរងរបួសទាំងប៉ុន្មានទៅកាន់មន្ទីរពេទ្យ Jannah ដែលនៅក្បែរនោះ។
គួរបញ្ជាក់ដែរថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ដោយសារតែអ្នកដែលបានទទួលរងរបួស មួយចំនួនត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរខ្លាំងនៅឯមន្ទីរពេទ្យ ខណៈអ្នកដំណើរជាច្រើននាក់ទៀត បន្តជាប់នៅក្នុងទូររថភ្លើងដែលខូចខាតនៅឡើយ។ សម្រាប់មូលហេតុដែលបង្កគ្រោះថ្នាក់នេះឡើង សមត្ថកិច្ចមិនទាន់បានបញ្ជាក់ឲ្យបានច្បាស់នោះឡើយ៕