(កៀវ)៖ យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់រុស្ស៊ីមួយគ្រឿង បានវាយប្រហារចំឡានក្រុងដែលកំពុងដឹកកម្មករនៅក្នុងទីក្រុង Marhanets ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ ទី២៣ ខែមេសា បណ្តាលឲ្យមនុស្សយ៉ាងតិច ៩នាក់ស្លាប់ និងជិត ៥០នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារមួយដែលប្រធានាធិបតី លោក Volodymyr Zelenskyy បានហៅថាជា «ឧក្រិដ្ឋកម្មសង្គ្រាមដោយចេតនា»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥។
លោក Zelenskyy បានបញ្ជាក់ថា ឡានក្រុងនោះកំពុងដឹកជញ្ជូនកម្មករនៃរោងចក្ររុករករ៉ែ និងកែច្នៃមួយ។ លោកបានហៅការវាយប្រហារនេះថា «ឃោរឃៅបំផុត និងជាឧក្រិដ្ឋកម្មសង្គ្រាមដោយចេតនាសុទ្ធសាត» ហើយបានអំពាវនាវឲ្យមាន «បទឈប់បាញ់ជាបន្ទាន់ ពេញលេញ និងដោយគ្មានលក្ខខណ្ឌ»។
រូបភាពដែលលោកបានចែករំលែក បង្ហាញពីសាកសពជាច្រើននៅកន្លែងកើតហេតុ ហើយអ្នករងរបួសភាគច្រើនជាស្ត្រី។ ទីក្រុង Marhanets ស្ថិតនៅច្រាំងខាងជើងទន្លេ Dnipro ដែលគ្រប់គ្រងដោយអ៊ុយក្រែន។
បន្ថែមពីលើការវាយប្រហារនៅ Marhanets កងទ័ពអាកាសអ៊ុយក្រែនបានរាយការណ៍ថា រុស្ស៊ីបានបាញ់ដ្រូនវាយប្រហារសរុបចំនួន ១៣៤គ្រឿង សំដៅលើគោលដៅនានាទូទាំងប្រទេសអ៊ុយក្រែនពេញមួយយប់ផងដែរ។ ទោះជាយ៉ាងណា ភាគីរុស្ស៊ីមិនទាន់ធ្វើអត្ថាធិប្បាយភ្លាមៗទេ។
ការវាយប្រហារទ្រង់ទ្រាយធំនេះ កើតឡើងស្របពេលដែលមន្ត្រីអ៊ុយក្រែនបានទៅដល់ទីក្រុងឡុងដ៍នៅថ្ងៃពុធ ដើម្បីពិភាក្សាជាមួយភាគីពាក់ព័ន្ធ (រួមទាំងអាមេរិក និងអឺរ៉ុប) អំពីមធ្យោបាយសម្រេចបានបទឈប់បាញ់។ ភាគីទាំងពីរ រុស្ស៊ី និងអ៊ុយក្រែន កំពុងស្ថិតក្រោមសម្ពាធពីសហរដ្ឋអាមេរិកឲ្យបង្ហាញវឌ្ឍនភាព បើមិនដូច្នេះទេ លោក ត្រាំ អាចនឹងដកខ្លួនចេញពីកិច្ចប្រឹងប្រែងសន្តិភាព៕