(កៀវ)៖ អភិបាលតំបន់ លោក Oleksandr Prokudin បាននិយាយថា កងទ័ពរុស្ស៉ី បានបំផ្លាញរោងចក្រថាមពល ក្នុងតំបន់ Kherson ភាគខាងត្បូងអ៊ុយក្រែន នាព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ​២០២៥។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Prokudin និយាយថា រោងចក្រដែលផ្តល់ថាមពលអគ្គិសនីដល់ទីក្រុង Kherson បានស្ថិតក្រោមការវាយប្រហារដោយកាំភ្លើងធំ និងយន្តហោះដ្រូនរបស់រុស្ស៉ី អស់រយៈពេលជាង ២៤ម៉ោង។ យោធាអ៊ុយក្រែន បានប្រយុទ្ធពេញមួយយប់ ដើម្បីទប់ទល់ការវាយប្រហាររបស់សត្រូវ។

ទោះយ៉ាងណា នៅពេលព្រឹកឡើង រុស្ស៉ីជោគជ័យក្នុងការបំផ្លាញរោងចក្រថាមពលមួយ។ ដោយឡែក ការវាយប្រហារដោយដ្រូនកំពុងបន្ត ហើយអាចនឹងមានការដាច់ចរន្តអគ្គិសនីភ្លាមៗ ខណៈបុគ្គលិកផ្នែកថាមពល កំពុងធ្វើការដើម្បីធ្វើឱ្យស្ថានការណ៍មានស្ថេរភាព។

គួរបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធថាមពល គឺជាគោលដៅនៃការវាយប្រហាររបស់រុស្ស៉ីជាយូមកហើយ ក្នុងសង្រ្គាមលើអ៊ុយក្រែន​ ចាប់តាំងពីឆ្នាំ ២០២២មក៕