(ម៉ានីល)៖ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសហ្វីលីពីន លោក Gilberto Teodoro បានឱ្យដឹងនៅថ្ងៃពុធនេះថា ហ្វីលីពីនកំពុងត្រៀមទទួលបាន ប្រព័ន្ធមីស៉ីល BrahMos ឈុតថ្មីទៀត ពីប្រទេសឥណ្ឌា ដើម្បីយកមកពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន ចំពោះមុខភាពតានតឹងជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

វានឹងជាការមកដល់នៃប្រព័ន្ធមីស៉ីល BrahMos ឈុតទី២ ក្នុងចំណោម៣ឈុត ដែលទីក្រុងម៉ានីល បានយល់ព្រមទិញ នៅក្រោម​កិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០២២ ជាមួយក្រុមហ៊ុនឥណ្ឌា Brahmos Aerospace ក្នុងចំនួនទឹកប្រាក់៣៧៥លានដុល្លារ។ ប្រព័ន្ធ​ BrahMos ឈុតដំបូង ត្រូវបានប្រគល់មកដល់ដៃហ្វីលីពីន កាលពីខែមេសា ឆ្នាំ២០២៤។ ប្រព័ន្ធ BrahMos គឺជាមីស៉ីលគ្រូសល្បឿនលឿនជាងសំឡេងកម្រិត supersonic ដែលអាចបាញ់បានចម្ងាយ២៩០គីឡូម៉ែត្រ ហើយវាគឺជាផ្នែកមួយនៃកម្មវិធីទំនើបកម្មយោធារបស់ហ្វីលីពីន។

គួរបញ្ជាក់ថា ការប្រគល់ប្រព័ន្ធមីស៉ីលខាងលើ គឺចំពេលដែលទំនាក់ទំនងរវាងទីក្រុងម៉ានីលនិងទីក្រុងប៉េកាំង បានស្ថិតក្នុងភាពល្អក់កករ ដោយសារតែការប៉ះទង្គិចគ្នាយ៉ាងញឹកញាប់ រវាងភាគីទាំងពីរ នៅតំបន់សមុទ្រចិនខាងត្បូងដែលមានបញ្ហាវិវាទ៕