(ប៉េកាំង)៖ នៅថ្ងៃពុធ ទី២៣ ខែមេសា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បាននិយាយថា សង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់ ហើយធ្វើឱ្យខូចប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងថែមទាំងជះផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចរបស់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ស៉ី បានលើកឡើងដូចខាងលើ អំឡុងជំនួបជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev នៅទីក្រុងប៉េកាំង ជាទីដែលរូបលោកបាននិយាយថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយអាស៊ែបៃហ្សង់ ដើម្បីគាំពារប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ហើយធ្វើកិច្ចសហប្រតិបត្តិការស៉ីជម្រៅ ក្នុងវិស័យអនុវត្តច្បាប់និងសន្តិសុខជាមួយភាគីអាស៊ែបៃហ្សង់។
មេដឹកនាំទាំងពីរ បានប្រកាសនូវការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិននិងអាស៊ែបៃហ្សង់ ដែលវារួមមានការចុះហត្ថលេខាលើ ឯកសារកិច្ចសហប្រតិបត្តិការចំនួន២០ ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ឬ BRI នៅក្នុងវិស័យជាច្រើន។
គួរបញ្ជាក់ថា អាស៊ែបៃហ្សង់ ស្ថិតក្នុងចំណោមប្រទេសដំបូងៗគេ ដែលបានគាំទ្រគំនិតផ្តួចផ្តើម BRI របស់ចិន។ គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៣ ដោយលោក ស៉ី ជីនពីង ជាមធ្យោបាយមួយ ដើម្បីពង្រីកឥទ្ធិពលភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសចិន តាមរយៈការជំរុញកិច្ចប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសកលមួយ៕