(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី២២ ខែមេសា សេតវិមានបានឱ្យដឹងថា បេសកជនរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក Steve Witkoff នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ ដើម្បីបើកកិច្ចពិភាក្សាជុំថ្មីទៀតជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន អំពីសង្រ្គាមនៅអ៊ុយក្រែន៕ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កន្លងមកនេះ លោក Witkoff ធ្លាប់បានជួបពិភាក្សាយូរម៉ោងចំនួន៣លើក ជាមួយលោក ពូទីន ស្តីពីលទ្ធភាពឆ្ពោះទៅបិទបញ្ចប់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា លោកប្រធានាធិបតី ត្រាំ និងលោក Witkoff ចង់បានបង្ហាញឱ្យគ្រប់គ្នាដឹងថា ការចរចាស្វែងរកសន្តិភាពនៅអ៊ុយក្រែននៅតែបន្ត ហើយលោក Witkoff នឹងចេញដំណើរទៅកាន់រុស្ស៉ី នៅប៉ុន្មានថ្ងៃខាងមុខក្នុងសប្តាហ៍នេះ។ លោកស្រី Leavitt បានសង្កត់ធ្ងន់ថា លោក ត្រាំ ពិតជាចង់ឃើញសន្តិភាព ហើយចង់បញ្ចប់សង្រ្គាមនេះ ប៉ុន្តែរូបលោកកាន់តែខ្ទាស់ចិត្តខ្លាំងឡើងៗ ចំពោះភាគីទាំងសងខាង​នៃសង្រ្គាម។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែននឹងត្រៀមលក្ខណៈ​រួចរាល់ ដើម្បីចរចាជាមួយរុស្ស៉ីទោះក្នុងទម្រង់ណាក៏បាន នៅពេលដែលមានបទឈប់បាញ់មួយ ហើយការប្រយុទ្ធគ្នារវាងកងកម្លាំង​របស់ទីក្រុងកៀវនិងទីក្រុងមូស្គូ បានបញ្ឈប់។ រីឯលោក ពូទីន វិញ ក្នុងថ្ងៃដដែល បានលើកឡើងពីបំណងបញ្ឈប់សង្រ្គាមអ៊ុយក្រែន នៅតាមបណ្តោយខ្សែបន្ទាត់សមរភូមិសព្វថ្ងៃ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព ជាមួយលោក ដូណាល់ ត្រាំ៕