Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របបសឹកមីយ៉ាន់ម៉ា ប្រកាសពន្យារបទឈប់បាញ់ដល់ចុងខែនេះ ដោយសារយោគយល់ចំពោះប្រជាជន ដែលរងគ្រោះរញ្ជួយដី (Video inside)

23-04-2025 13:50

(ណៃពិដោ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា រដ្ឋាភិបាលយោធា បានសម្រេចពន្យារពេលបន្ថែមចំពោះបទឈប់បាញ់បណ្តោះអាសន្ន ក្នុងជម្លោះជាមួយក្រុមឧទ្ទាមរហូតដល់ថ្ងៃទី៣០ ខែមេសា ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងជួសជុល និងស្តារប្រទេសឡើងវិញ ក្រោយគ្រោះមហន្តរាយរញ្ជួយដីដ៏ធ្ងន់ធ្ងរ កាលពីខែមីនាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥។

នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim ដែលជាប្រធានអាស៊ានឆ្នាំនេះ កាលពីសប្តាហ៍មុន បានបើកកិច្ចពិភាក្សាកម្រិតខ្ពស់ ជាមួយប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ព្រមទាំងជាមួយក្រុមចលនាតស៊ូសំខាន់មួយ ក្នុងបំណងជួយរកវិធីផ្អាកការប្រយុទ្ធគ្នា ហើយគាំទ្រប្រតិបត្តិការជំនួយមនុស្សធម៌។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បាននិយាយថា លោក Min Aung Hlaing បានសម្រេចចិត្តពន្យារបទឈប់បាញ់បែបនេះ ដោយសារតែការយោគយល់ និងអាណិតអាសូរ ចំពោះប្រជាជនដែលបានទទួលរងផលប៉ះពាល់ ពីគ្រោះរញ្ជួយដី។ បទឈប់បាញ់បណ្តោះអាសន្ននោះ ដំបូងឡើយមានរយៈពេលត្រឹម២០ថ្ងៃប៉ុណ្ណោះ ដោយចាប់ផ្តើមពីថ្ងៃទី២ ខែមេសាមក។ យ៉ាងណាមិញ បើតាមអង្គការសហប្រជាជាតិ និងក្រុមឃ្លាំមើលផ្សេងទៀត អំឡុងបទឈប់បាញ់កន្លងមកនេះ កងកម្លាំងរបបយោធា បានបន្តប្រតិបត្តិការរបស់ខ្លួន នៅតាមតំបន់មួយចំនួន រួមមានទាំងការវាយប្រហារតាមផ្លូវអាកាស។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាត្រូវបានហែកហួរដោយជម្លោះ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលស៉ីវិល ដឹកនាំដោយលោកស្រី អោងសាន ស៊ូជី ហើយបង្កឱ្យផ្ទុះចលនាបាតុកម្មទ្រង់ទ្រាយធំ ដែលក្រោយមកបានវិវត្តទៅជា សង្រ្គាមស៉ីវិលទូទាំងផ្ទៃប្រទេស។ គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ កាលពីចុងខែមីនា បានផ្តាច់ជីវិតមនុស្សជាង ៣៧០០នាក់ ហើយថែមទាំងបង្កការបំផ្លិចបំផ្លាញហិនហោច នៅក្នុងប្រទេសអាស៊ានមួយនេះ៕