នាយករដ្ឋមន្រ្តីជប៉ុន គ្រោងបំពេញទស្សនកិច្ចនៅវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ (Video inside)
23-04-2025 11:52
(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ ខណៈដែលទីក្រុងតូក្យូ កំពុងស្វែងរកការពង្រឹងទំនាក់ទំនងក្នុងតំបន់ ចំពោះមុខបញ្ហាប្រឈមនឹងពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ ២០២៥។
ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក Yoshimasa Hayashi បានប្រាប់សន្និសីទសារព័ត៌មានថា «ការពង្រឹងទំនាក់ទំនងជាមួយអាស៉ីអាគ្នេយ៍ ដែលជាតំបន់កំពុងមានការលូតលាស់ផ្នែកសេដ្ឋកិច្ច និងជាទីតាំងយុទ្ធសាស្ត្រ គឺជាអាទិភាពកំពូលមួយនៃវិស័យការទូតរបស់ជប៉ុន»។ លោកបន្ថែមថា «ទំនាក់ទំនងជាមួយវៀតណាម និងហ្វីលីពីន មានសារៈសំខាន់ជាពិសេស ជាមួយនិងចំនួនប្រជាជនរបស់ពួកគេ លើសពី ១០០លាននាក់ ហើយនៅពេលដែលពួកគេបន្តមានកំណើនសេដ្ឋកិច្ចរឹងមាំ»។
គួរបញ្ជាក់ថា ផែនការនៃដំណើរទស្សនកិច្ចរបស់ លោក Ishiba កើតមានឡើងបន្ទាប់ពីប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានធ្វើទស្សនកិច្ចមកកាន់ប្រទេសអាស៊ាន កាលពីសប្តាហ៍មុន គ្រាដែលទីក្រុងប៉េកាំង ព្យាយាមធ្វើខ្លួនជាជម្រើសដ៏មានស្ថិរភាពមួយ និងចំពេលដែលមេដឹកនាំប្រទេសនានា
ត្រូវដោះស្រាយបញ្ហាពន្ធគយរបស់ លោក ត្រាំ៕