(ព្រុចសែល)៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់សហភាពអឺរ៉ុប (EU) បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា គណៈកម្មាធិការអឺរ៉ុបកំពុងវាយតម្លៃថាតើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុងសហភាពអឺរ៉ុប មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ ២០២៥។

ទោះជាការចែកចាយឧស្ម័នតាមបំពង់របស់រុស្ស៉ី បានធ្លាក់ចុះចាប់តាំងពីការឈ្លានពានលើអ៊ុយក្រែន ក្នុងឆ្នាំ ២០២២ ក៏ដោយ តែ EU បានបង្កើនការនាំចូលឧស្ម័ន LNG ពីរុស្ស៉ី កាលពីឆ្នាំមុន។ នៅក្នុងឆ្នាំ ២០២៤ EU ទទួលបាន ១៩ភាគរយនៃការផ្គត់ផ្គង់ហ្គាស និងឧស្ម័នធម្មជាតិរាវ (LNG) សរុបពីរុស្ស៉ី។ គណៈកម្មាធិការអឺរ៉ុប ក៏កំពុងធ្វើការលើជម្រើសផ្លូវច្បាប់ផងដែរ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន EU បញ្ចប់កុងត្រាផ្គត់ផ្គង់ឧស្ម័នដែលមានស្រាប់ជាមួយរុស្ស៉ី ដោយមិនប្រឈមនឹងការផាកពិន័យ។ គណៈកម្មការអឺរ៉ុប គ្រោងកំណត់នូវជម្រើសនានានៅក្នុងផែនទីបង្ហាញផ្លូវមួយ ដែលត្រូវដាក់ចេញនាថ្ងៃទី៦ ខែឧសភា។

គួរបញ្ជាក់ថា ស្របពេលដែលមានរដ្ឋសមាជិកមួយចំនួន ប្តេជ្ញារារាំងនឹងទណ្ឌកម្មរបស់ EU លើឧស្ម័នរុស្ស៉ី គណៈកម្មការអឺរ៉ុបកាន់តែរកវិធីសាស្រ្តផ្សេង ដែលអាចពន្លឿនដល់ការបញ្ចប់ការពឹងផ្អែករបស់អឺរ៉ុប លើថាមពលរបស់រុស្ស៉ី។ ចំណាត់ការខាងលើនេះ គឺសំដៅកាត់បន្ថយការទិញឧស្ម័ន LNG របស់ក្រុមហ៊ុននៅអ៊ឺរ៉ុប៕