(ប៉េកាំ)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជំរុញឱ្យចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ ទី២២ ខែមេសា ជួយថែរក្សាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ខណៈទីក្រុងប៉េកាំងកំពុងស្វែងរកការគាំទ្រពី បណ្ដាប្រទេសជាដៃគូ ដើម្បីទប់ទល់នឹងវិធានការយកពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ចិន និងសហរដ្ឋអាមេរិក កំពុងជាប់គាំងនៅក្នុងសង្រ្គាមពាណិជ្ជកម្មដ៏ស្រួចស្រាល់មួយ ជាមួយការដំឡើងការយកពន្ធគ្នាដាក់គ្នាទៅវិញទៅមក ដែលកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្មទ្វេភាគី។ ដោយដកស្រង់សម្ដី របស់លោក វ៉ាង យី នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស លោក David Lammy ក្រសួងការបរទេសចិន បានលើកឡើងថា «សហរដ្ឋអាមេរិក បាន និងកំពុងប្រើប្រាស់ពន្ធគយជាអាវុធដើម្បី វាយប្រហារដោយមិនរើសមុខលើបណ្ដាប្រទេសដទៃ ជាមួយការរំលោភបំពានដោយបើកចំហលើច្បាប់របស់ WTO (អង្គការពាណិជ្ជកម្មពិភពលោក) និងកំពុងបំផ្លាញដល់សិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ប្រទេសដទៃ»។
តាមក្រសួងការបរទេសចិន លោក វ៉ាង យី បានប្រាប់ប្រមុខការទូតអង់គ្លេសដែរថាចិន និងចក្រភពអង់គ្លេស មានទំនួលខុសត្រូវដើម្បីថែរក្សាការពារសណ្ដាប់ធ្នាប់អន្តរជាតិ ហើយថាចិនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយ ចក្រភពអង់គ្លេស ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដំឡើងការយកពន្ធគយលើទំនិញនាំចូលពីចិនដល់ ១៤៥ភាគរយ ជាហេតុជំរុញឱ្យប៉េកាំងចាត់វិធានការសងសឹកដោយយកពន្ធគយ ១២៥ភាគរយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក។ កិច្ចសន្ទនាតាមទូរស័ព្ទរបស់លោក វ៉ាង យី កើតមានឡើង ក្រោយចិនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានព្រមានប្រទេសទាំងអស់ប្រឆាំងនឹងរាល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយជាមួយសហរដ្ឋអាមេរិក ដែលធ្វើឱ្យចិន ខាតបង់ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាទីក្រុងវ៉ាស៊ីនតោនមានបំណងប្រើប្រាស់ការយកពន្ធគយ ដើម្បីបង្ខំឱ្យបណ្ដាប្រទេសដទៃរឹតត្បិតការធ្វើពាណិជ្ជកម្មរបស់ពួកគេជាមួយចិន៕