(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអង្គារ ទី២២ ខែមេសា ថាប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន ចំពោះមុខការដាក់សម្ពាធថ្មីមួយពីសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សេតវិមានបានឱ្យដឹងដែរថាបេសកជនពិសេសរបស់លោក ដូណាល់ ត្រាំ គឺលោក Steve Witkoff នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនៅក្នុងសប្ដាហ៍នេះ ហើយរូបលោកក៏នឹងត្រូវចូលរួមក្នុងកិច្ចចរចាថ្មីមួយជាមួយក្រុមមន្ត្រីអឺរ៉ុប នៅក្នុងទីក្រុងឡុងដ៍ នៅថ្ងៃពុធ ទី២៣ ខែមេសាផងដែរ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «នៅបន្ទាប់ពីបទឈប់បាញ់ចូលធរមាន យើងត្រៀមខ្លួនរួចស្រេចដើម្បីអង្គុយចរចា»។ ការកត់សម្គាល់បែបនេះរបស់លោក ហ្សេលេនស្គី កើតមានឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយថា លោក ដូណាល់ ត្រាំ បានលើកឡើងពីបំណងទទួលស្គាល់តំបន់គ្រីមៀដែលទីក្រុងមូស្គូបានក្រសោបយកពី អ៊ុយក្រែនកាលពីឆ្នាំ២០១៤ ជាកម្មសិទ្ធិរបស់រុស្ស៉ី ជាថ្នូរឱ្យរុស្ស៉ីចុះកិច្ចព្រមព្រៀមសន្តិភាព។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុនបាននិយាយថាលោកសង្ឃឹមថាកិច្ចព្រមព្រៀងសន្តិភាពមួយអាចនឹងសម្រេចបាននៅក្នុងសប្ដាហ៍នេះ បើទោះជាមិនទាន់មានសញ្ញាបង្ហាញថារុស្ស៉ី និងអ៊ុយក្រែន ខិតកាន់តែ កៀកទៅរកការទទួលយកបទឈប់បាញ់មួយក៏ដោយ៕