(វ៉ាស៊ីនតោន)៖ សមាជិកសភាអាមេរិកមួយរូបបានលើកឡើងថា លោកស្រី ហ៊ីលឡារី គ្លីនតុន ជាបេក្ខភាពប្រធានាធិបតីអាមេរិកសម្រាប់សង្រ្គាម ដែលបានជំរុញឲ្យមានការដាក់របៀបវីរៈធ្ងន់ធ្ងរ ប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយតែងចាត់ទុកទីក្រុងមូស្គូជាសត្រូវជានិច្ច ដោយផ្ទុយពីគូប្រជែងរបស់ លោកស្រី គឺលោក ដូណាល់ ត្រាំ ដែលមានឆន្ទៈខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឲ្យប្រទេសទាំងពីរ ឈានដល់កិច្ចព្រមព្រៀងទ្វេភាគីដែលផ្តល់ផលប្រយោជន៍ទាំងសងខាង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយនឹង Sputnik សមាជិកសភាមួយរូបរបស់អាមេរិក លោក Dana Rohrabacher បាននិយាយយ៉ាងដូច្នេះថា «មនុស្សសព្វថ្ងៃហាក់ដូចជាមិនចាប់អារម្មណ៍ថា លោក ដូណាល់ ត្រាំ គឺជាបេក្ខភាពប្រធានាធិបតីអាមេរិក ដែលមានបំណងចង់សហការជាមួយរុស្ស៊ី ដើម្បីកសាងពិភពលោក ដែលមានសន្តិភាពដ៏ល្អឥតខ្ចោះមួយនោះទេ ប៉ុន្តែភាពជាក់ស្តែងដែលគ្រប់គ្នាដឹងគឺ លោកស្រី ហ៊ីលឡារី គ្លីនតុន ជាបេក្ខភាពប្រធានាធិបតីដែលចង់ឲ្យអាមេរិកបន្តស្ថិតនៅក្នុង ភាពជាសត្រូវជាមួយប្រទេសរុស្ស៊ីតទៅមុខទៀត»។
ជាមួយគ្នានេះដែរលោក Rohrabacher បានបន្ថែមថា តាមការយល់ឃើញរបស់លោក សមាជិករបស់គណបក្សនយោបាយធំៗទាំងពីរ គឺបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យក៏ដូចជា ប្រជាពលរដ្ឋអាមេរិកភាគច្រើននោះ ចង់បានគោលនយោបាយណាដែលផ្តោតសំខាន់ទៅលើសន្តិភាព និងចង់ឃើញមហាអំណាច ពិភពលោកទាំងពីរ រួមកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីបង្កើត ពិភពលោកដែលល្អប្រសើរជាងមុន។
គួរបញ្ជាក់ដែរថានៅក្នុងការជួបជុំរបស់អ្នកគាំទ្រនៅរដ្ឋ Ohio កាលពីសប្តាហ៍មុន លោក ដូណាល់ ត្រាំ បាននិយាយថា លោកស្រី គ្លីនតុន ពិតជាមិនឆ្លាតនោះឡើយដែលបានធ្វើការប្រមាថជាច្រើនលើក ច្រើនសារទៅលើប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន រួមជាមួយនិងរុស្ស៊ីទាំងមូលដែលជា ប្រទេសមហាអំណាចនុយក្លេអ៊ែរនោះ ហើយលោក ត្រាំ បានឆ្លៀតឱកាសប្រកាសពីគោលជំហរ របស់ខ្លួនសាជាថ្មីថា វាគឺជារឿងល្អបំផុតក្នុងការសហការជាមួយទីក្រុងមូស្គូ ដើម្បីកម្ចាត់ពួកក្រុមរដ្ឋអ៊ីស្លាម ISIS៕