(វ៉ាស៊ីនតោន)៖ អស់រយៈពេលជាង៧០ឆ្នាំមកនេះ សន្តិភាពនៅក្នុងតំបន់អាស៊ី ក៏ដូចគ្នាទៅនឹងសន្តិភាពក្នុងតំបន់អឺរ៉ុបដែរ នោះគឺត្រូវបានការពារដោយសហរដ្ឋអាមេរិក ក្នុងនាមជាអ្នកធានាសន្តិសុខ និងដោយសារតែ ប្រព័ន្ធហិរញ្ញវត្ថុដ៏ចម្រុងចម្រើនដឹកនាំដោយសហរដ្ឋអាមេរិក រួមជាមួយការបើកចំហទីផ្សារ និងប្រកបដោយបរិយាប្ន័ន។ ក្នុងន័យនេះរឿងមួយដែលគេពិបាកនឹងប្រកែក សហរដ្ឋអាមេរិកបានចូលរួមចំណែកយ៉ាងសំខាន់ នៅពីក្រោយភាពអស្ចារ្យរបស់តំបន់អាស៊ី។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិកសព្វថ្ងៃរបស់លោក ដូណាល់ ត្រាំ បានប្រែក្លាយជាតួអង្គចិត្តអាក្រក់គិតតែពីប្រយោជន៍របស់ខ្លួនឯង ខណៈចិនបានប្រែក្លាយជាដៃគូពាណិជ្ជកម្មដ៏ចម្បង សម្រាប់ប្រទេសភាគច្រើននៅក្នុងតំបន់។

តាមពិតទៅ ការកើនឡើងឥទ្ធិពលយោធាចិនត្រូវបានក្រុមអ្នកវិភាគមើលឃើញថាបានជួយពង្រឹងប្រព័ន្ធសន្តិសុខដឹកនាំដោយសហរដ្ឋអាមេរិក។ តែការបង្ខិតបង្ខំរបស់លោក ត្រាំ ឱ្យសម្ព័ន្ធមិត្តបង្កើនការចំណាយលើ កញ្ចប់ថវិកាយោធានឹងកាន់តែជំរុញឱ្យបណ្ដាប្រទេសទាំងនោះមានសា្ទក់ស្ទើរក្នុងការចូលរួមជាមួយវ៉ាស៊ីនតោន ទប់ស្កាត់ឥទ្ធិពលចិន។ កាលពីថ្ងៃទី១៦ ខែមេសា នៅពេលដែលក្រុមអ្នកចរចាជប៉ុនធ្វើដំណើរទៅដល់ ទីក្រុងវ៉ាស៊ីនតោន ដើម្បីចរចាពាណិជ្ជកម្ម លោក ត្រាំ បានបញ្ជាក់ច្បាស់ៗថាលោកមើលឃើញថាការបង្កើនការចំណាយលើកញ្ចប់ថវិកាយោធា មានជាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្ម។ «ជប៉ុនកំពុងធ្វើដំណើរមករកពួកយើង នៅថ្ងៃនេះដើម្បីចរចាពាណិជ្ជកម្ម ការចាយវាយសម្រាប់ការគាំទ្រយោធា និងពាណិជ្ជកម្មយុត្តិធម៌»។ នេះជាអ្វីដែលលោក ត្រាំ បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social។

លោក ត្រាំ បានត្អូញត្អែរជាយូរណាស់មកហើយថាសហរដ្ឋអាមេរិកបានចំណាយលុយរាប់រយពាន់លានដុល្លារដើម្បីការពារជប៉ុន។ ដូច្នេះទីក្រុងតូក្យូគួរតែបង្កើនការចំណាយលើយោធាឱ្យដល់ ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ កាលពីអាណត្តិទី១ លោក ត្រាំធ្លាប់បានគំរាមថានឹងដកកងទ័ពអាមេរិកចេញពីកូរ៉េខាងត្បូង ហើយចង់ឱ្យទីក្រុងសេអ៊ូលបង់ថ្លៃការពារបន្ថែម។ ចំណែក ពាក់ព័ន្ធនឹងតៃវ៉ាន់វិញ លោក ត្រាំ ក៏បានទាមទារផងដែរឱ្យដែនកោះមួយនេះបង្កើនការចំណាយលើកញ្ចប់ថវិកាយោធា ៤ដង ឬ១០ភាគរយនៃ GDP ជាចំនួនមួយដែលតៃប៉ិនិយាយថាជារឿងមិនអាចទៅរួច។ តែអ្វីដែលសំខាន់ គឺគោលនយោបាយយកពន្ធគយ ទៅវិញទៅមករបស់លោក ត្រាំ គួបផ្សំនឹងការប្រែប្រួលភូមិសាស្ត្រនយោបាយយ៉ាងឆាប់រហ័ស បាន និងកំពុងលុបបំបាត់ចោលនូវទំនុកចិត្ត ហើយបង្កើនការសង្ស័យអំពីភាពគួរឱ្យទុកចិត្តបានចំពោះសហរដ្ឋអាមេរិក ក្នុងនាមជាសម្ព័ន្ធមិត្ត និងជាអ្នកធានាសន្តិសុខ។

សេតវិមានបាននិយាយថាគោលបំណងមួយនៃការយកពន្ធទៅវិញទៅមក គឺទប់ស្កាត់ការក្លែងបន្លំការនាំចេញទំនិញរបស់ចិននៅក្នុងតំបន់ទៅកាន់សហរដ្ឋអាមេរិក។ កាលពីពេលថ្មីៗនេះ កាសែតអាមេរិក  Wall Street Journal បានរាយការណ៍ថាយុទ្ធសាស្ត្រពន្ធគយរបស់រដ្ឋបាលលោក ត្រាំ មានគោលដៅបង្ខំឱ្យបណ្ដាប្រទេសដទៃរឹតត្បិតការធ្វើពាណិជ្ជកម្មរបស់ពួកគេជាមួយចិន ជាថ្នូរទៅនឹងការអនុគ្រោះពន្ធពីសហរដ្ឋអាមេរិក។ ប៉ុន្តែ ក្រុមអ្នកវិភាគបានព្រមានថាលោក ត្រាំ អាចនឹងបង្ខំឱ្យពួកគេងាកទៅរកចិនដោយចៃដន្យ ដូចដែលនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានធ្វើការកត់សម្គាល់ក្នុងសុន្ទរកថាកាលពីថ្ងៃទី៨ ខែមេសា ថាសហរដ្ឋអាមេរិកប្រហែលជាកំពុងផ្ដាច់ខ្លួនចេញពីពិភពលោក ក្នុងពេលដែលប្រទេសភាគច្រើននៅលើពិភពលោកកំពុងបង្កើនទ្វេដងនូវការដើរតាមជំហានសកលភាវូបនីយកម្ម។ ម្យ៉ាងទោះជាមិនងាកទៅរកចិន ក៏ពួកគេនឹងកាន់តែស្ទាក់ស្ទើរដើរតាមសហរដ្ឋអាមេរិកប្រឆាំងនឹងចិនដែរ ឬចូលរួមមិនអស់ពីចិត្តពីថ្លើម។

ជាឧទាហរណ៍៖ សម្ព័ន្ធមិត្តរបស់អាមេរិក គឺជប៉ុន និងកូរ៉េខាងត្បូង បានបើកកិច្ចចរចាជាមួយចិន ដើម្បីស្ដារឡើងវិញនូវកិច្ចប្រឹងប្រែងស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រីភាគី។ មិនតែប៉ុណ្ណោះ សូម្បីតែអឺរ៉ុបក៏កំពុងព្យាយាមស្វែងរកការបង្កើតទំនាក់ទំនងសេដ្ឋកិច្ចថ្មីមួយជាមួយចិនដែរ ក្នុងនោះមានដូចជាការផ្ដល់អាជ្ញាបណ្ណលើរថយន្ដអគ្គិសនី និងរោងចក្រផលិតអាគុយ។ និន្នាការនេះនឹងត្រូវបានបញ្ជាក់ ប្រសិនបើការប៉ុនប៉ងរបស់ចិនដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP ទទួលបានការយល់ព្រមពីជប៉ុន និងអូស្ត្រាលី ឬក៏សហភាពអឺរ៉ុបបោះជំហានឆ្ពោះទៅរកការចុះកិច្ចព្រមព្រៀងណាមួយជាមួយ CPTPP។

គួរបញ្ជាក់ថា នៅប៉ុន្មានសប្ដាហ៍ដំបូងនៃអាណត្តិទី១ កាលពីឆ្នាំ២០១៧ លោក ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដែលមានប្រទេសជាសមាជិកចំនួន ១២ ដូចជាម៉ិកស៊ិក កាណាដា ជប៉ុន អូស្ត្រាលីជាដើម។ លោក Jason Furman ដែលធ្លាប់ធ្វើជាប្រធានក្រុមទីប្រឹក្សាសេដ្ឋកិច្ចក្រោមរដ្ឋបាលអតីតប្រធានាធិបតី អូបាម៉ា បាននិយាយថា «សហរដ្ឋអាមេរិក ក្នុងពេលឥលូវនេះគឺជាដៃគូមួយ ដែលគេគ្រប់គ្នានៅលើពិភពលោកមិនអាចទុកចិត្តបាន ហើយខ្ញុំមិនដឹងនោះទេថាតើយើងត្រូវធ្វើយ៉ាងដូចម្ដេចដើម្បីទទួលបានទំនុកចិត្តត្រឡប់មកវិញ»៕