(អ៊ីរ៉ាក់)៖ មេដឹកនាំកំពូលក្រុម ISIS អាប៊ូបាកើ អាល់បាដាឌី (Abu Bakr al-Baghdadi) បានបង្ហាញ ពីទំនុកចិត្តថានឹងអាចទទួលបានជ័យជម្នះក្នុងសង្រ្គាមនៅទីក្រុង Mosul ដោយអំពាវនាវដល់ប្រជាជន នៅក្នុងទីក្រុងចូលរួមប្រយុទ្ធជាមួយនឹងពួកគេ ដើម្បីកម្ចាត់សត្រូវរបស់ព្រះ ពោលគឺំសំដៅទៅលើ បណ្ដាប្រទេសលោកខាងលិច រីឯក្រុមអ្នកប្រយុទ្ធនិងបំផ្ទុះគ្រាប់បែក អត្តឃាតត្រូវតែបំផ្លាញនិងប្រែក្លាយ ទីក្រុងរបស់ប្រទេសទាំងនេះឱ្យ ក្លាយទៅជាទន្លេឈាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
ក្នុងខែ្សអាត់ថតសំឡេងមួយដែលត្រូវបានបង្ហោះលើ Internet ដោយប្រព័ន្ធផ្សព្វផ្សាយ ISIS Al-Furqan នៅថ្ងៃព្រហស្បតិ៍នេះ លោក អាប៊ូបាកើ អាល់បាដាឌី បានលើកឡើងដូច្នេះថា «នេះ (.....) តាមរយៈ សង្រ្គាមនិងការប្រយុទ្ធរបស់យើងនាពេលបច្ចុប្បន្ន នឹងកាន់តែបង្កើនជំនឿរបស់យើងក្នុងការតស៊ូប្រយុទ្ធ ដើម្បីជ័យជម្នះ ហើយក្រុមអ្នកប្រយុទ្ធនិងអត្តឃាតជនទាំងអស់ ត្រូវតែតស៊ូរហូត ដល់ទីបំផុតក្នុងសង្រ្គាម នៃទីក្រុង Mosul ក៏ដូចជាការបំផ្លាញ និងប្រែក្លាយទីក្រុងនៃសត្រូវរបស់ព្រះ (ប្រទេសលោកខាងលិច) ឱ្យក្លាយទៅជាឈាមដាបដូចទន្លេ»។
គួរបញ្ជាក់ថានេះគឺជាលើកដំបូងបំផុតហើយ ដែលមេដឹកនាំកំពូលក្រុមISIS អាប៊ូបើកើ អាល់បាដាឌី ផ្ញើសារទៅកាន់អ្នកគាំទ្ររបស់ខ្លួនបន្ទាប់ពីត្រូវបានគេអះអាងថា លោកបានស្លាប់ជាច្រើនដងមកហើយ ខណៈកងកម្លាំងអ៊ីរ៉ាក់គាំទ្រដោយសហរដ្ឋអាមេរិក កំពុងវាយលុកចូលទីក្រុង Mosul ដែលបានធ្លាក់ ទៅក្រោមការគ្រប់គ្រងរបស់ក្រុម ISIS ចាប់តំាងពីឆ្នាំ២០១៤៕