(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះ បានពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងកិច្ចចរចាដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជាមួយមេដឹកនាំប្រទេសអូម៉ង់ ស្តេចស៊ុលតង់ ហៃថាម ប៊ីន តារិច អាល់ សៃដ (Sultan Haitham bin Tariq Al Said) ដែលកំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥។
ប្រទេសអូម៉ង់ បានដើរតួយ៉ាងសំខាន់ជាអ្នកសម្របសម្រួលរវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន ខណៈដែលរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងស្វែងរកកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ វិមានក្រឹមឡាំងបានបញ្ជាក់ថា ខ្លួនគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ និងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយក្រុងតេអេរ៉ង់ ដែលជាដៃគូយុទ្ធសាស្ត្រ។
រដ្ឋបាលលោក ត្រាំ ដែលជឿជាក់ថាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់មានគោលបំណងផលិតអាវុធ បានគំរាមចាត់វិធានការយោធា ប្រសិនបើមិនអាចសម្រេចបានកិច្ចព្រមព្រៀង។ ទោះជាយ៉ាងណា អ៊ីរ៉ង់បានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនបានស្វែងរកការផលិតអាវុធនុយក្លេអ៊ែរឡើយ។
ប្រទេសរុស្ស៊ី ដែលបានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រជាមួយអ៊ីរ៉ង់កាលពីខែមករា ក៏កំពុងព្យាយាមកែលម្អទំនាក់ទំនងជាមួយរដ្ឋបាលលោក ត្រាំ ផងដែរ។ ក្នុងនាមជាហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលលោក ត្រាំ បានបោះបង់ចោល រុស្ស៊ីនៅតែដើរតួនាទីក្នុងកិច្ចចរចា ហើយបានបញ្ជាក់ថា សកម្មភាពយោធាណាមួយរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់ នឹងខុសច្បាប់។
គួរបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាដាច់ដោយឡែកមួយដែលបង្ហាញតាមទូរទស្សន៍ លោក ពូទីន ក៏បានប្រាប់ស្តេចស៊ុលតង់ អូម៉ង់ ថា ក្រុមហ៊ុនថាមពលរុស្ស៊ីចាប់អារម្មណ៍ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយអូម៉ង់។ នេះគឺជាជំនួបលើកទីពីររបស់លោក ពូទីន ជាមួយមេដឹកនាំមជ្ឈិមបូព៌ាក្នុងរយៈពេលតិចជាងមួយសប្តាហ៍ បន្ទាប់ពីជំនួបជាមួយប្រមុខរដ្ឋកាតា ហើយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក៏បានមកបំពេញទស្សនកិច្ចកាលពីសប្តាហ៍មុនដែរ៕