(ឡាអេ)៖ ទីភ្នាក់ងារចារកម្មយោធាហូឡង់ (MIVD) បានចេញសេចក្តីព្រមានយ៉ាងខ្លាំងក្លានៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ីកំពុងតែបង្កើនយុទ្ធនាការវាយប្រហារបែបកូនកាត់ (hybrid attacks) របស់ខ្លួនយ៉ាងសកម្ម សំដៅលើប្រទេសហូឡង់ និងសម្ព័ន្ធមិត្តអឺរ៉ុប ក្នុងគោលបំណងបង្កអស្ថិរភាព ដោយក្រុម Hacker រុស្ស៊ីត្រូវបានរកឃើញថា បានវាយប្រហារលើសេវាសាធារណៈហូឡង់រួចហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥។

របាយការណ៍ប្រចាំឆ្នាំរបស់ MIVD បានរកឃើញប្រតិបត្តិការតាមអ៊ីនធឺណិតរបស់រុស្ស៊ី ដែលអាចជាការរៀបចំដើម្បីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ហូឡង់ ដូចជាប្រព័ន្ធថាមពល និងទឹកនៅសមុទ្រខាងជើង។ នាយក MIVD លោក Peter Reesink បានសង្កត់ធ្ងន់ថា «ការគំរាមកំហែងរបស់រុស្ស៊ីប្រឆាំងនឹងអឺរ៉ុបកំពុងកើនឡើង»

ការព្រមាននេះកើតឡើង ខណៈដែលបណ្តាប្រទេសលោកខាងលិចកាន់តែបារម្ភពីសង្គ្រាមកូនកាត់ពីរុស្ស៊ី និងចិន ដែលរួមមានចារកម្ម ការផ្សាយព័ត៌មានមិនពិត និងការវាយប្រហារតាមអ៊ីនធឺណិត។ យ៉ាងណាក្តី ទីក្រុងមូស្គូតែងតែបដិសេធការចោទប្រកាន់ពីសកម្មភាពអរិភាពទាំងនេះ។

គួរបញ្ជាក់ថា ការព្រមានរបស់ទីភ្នាក់ងារចារកម្មហូឡង់នេះ បានបន្ថែមទៅលើក្តីបារម្ភដែលកំពុងកើនឡើងនៅអឺរ៉ុប អំពីសន្តិសុខ និងឥទ្ធិពលរបស់រុស្ស៊ី ចំពេលមានសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងភូមិសាស្ត្រនយោបាយ៕