(ប៉េកាំង)៖ ប៉ុន្មានថ្ងៃជាប់មកនេះ ភាគីអាមេរិកចាប់ផ្តើមធ្វើអ្វីដែលហៅថា ការចរចាអំពី “ពន្ធគយបដិការ” ដែលប៉ុនប៉ងបង្ខំឱ្យ ដៃគូពាណិជ្ជកម្មឱនក្បាលចុះញ៉ម។ ក្នុងការពិគ្រោះពិភាក្សា ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មអាមេរិក-ជប៉ុន ដែលបើកធ្វើមុនគេបង្អស់ ភាគីអាមេរិកទាមទារឱ្យភាគីជប៉ុនបន្ធូរបន្ថយគោលជំហរលើ បញ្ហាអត្រាប្តូរប្រាក់និងបន្ថែមថវិកាការពារជាតិជាដើម។


រាល់កលល្បិចទាំងអស់ដែលតម្កល់ទុកផលប្រយោជន៍របស់ភាគីអាមេរិក ជាស្នូលត្រូវបានលាតត្រដាងយ៉ាងច្បាស់លាស់។ មិនតែប៉ុណ្ណោះទេ រដ្ឋាភិបាលអាមេរិកក៏ត្រៀមដាក់សម្ពាធទៅលើ ប្រទេសដទៃទៀត ក្នុងការចរចាអំពីពន្ធគយ ដែលតម្រូវឱ្យពួកគេ ដាក់កំហិតលើការប្រាស្រ័យទាក់ទងខាងពាណិជ្ជកម្ម ជាមួយប្រទេសចិន ដើម្បីដូរយកការលើកលែងពន្ធគយពីភាគីអាមេរិក។ តែលទ្ធផលគឺយ៉ាងណាហ្នឹង? ចំពោះអ្វីដែលហៅថាសញ្ញានៃការចរចាអំពីពន្ធគយ ដែលបញ្ចេញដោយភាគីអាមេរិក អង្គភាពសេដ្ឋកិច្ចដែលឆ្លើយតបយ៉ាងពិតប្រាកដ គឺមិនសូវច្រើនទេ។

មូលហេតុគឺសាមញ្ញណាស់ ភាគីអាមេរិកដំឡើងពន្ធគយយ៉ាងអនាធិបតេយ្យក្នុងកម្រិតដូចគ្នា វាស្មើនឹង “ប្រយុទ្ធ”ជាមួយទូទាំងពិភពលោក។ ប្រឈមមុខនឹងការយក ការដំឡើងពន្ធគយជាអាវុធ ការបណ្តែតបណ្តោយមិនអាចដូរយក សន្តិភាពបានទេ។ ប្រឈមមុខនឹងការអុជអាលបំបែកបំបាក់ ការបន្ធូរបន្ថយគោលជំហរមិនអាចទទួលបានការគោរពឡើយ ។ នេះជាគំនិតឯកភាពរួមរបស់ប្រទេសជាច្រើន។

បច្ចុប្បន្ននេះ ប្រឈមមុខនឹងអនុត្តរភាពខាងពាណិជ្ជកម្មរបស់ភាគីអាមេរិក ទោះបីជាសម្ព័ន្ធមិត្តប្រពៃណីរបស់វា ក៏នាំគ្នាបង្ហាញអាកប្បកិរិយាតស៊ូប្រយុទ្ធយ៉ាងមុតមាំដែរ។ សហភាពអឺរ៉ុបបានដាក់ចេញវិធានការតបតវិញភ្លាម ប្រទេសកាណាដាថ្លែងថា “យុគសម័យដែលកាណាដានិងអាមេរិកមានទំនាក់ទំនងជិតស្និទ្ធ”បានបញ្ចប់ហើយ ។ អូស្ត្រាលីថ្លែងថា នឹងមិនបន្ធូរបន្ថយគោលជំហរចំពោះភាគីអាមេរិកឡើយ ហើយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេសបានថ្លែងទៅកាន់ ប្រព័ន្ធសារព័ត៌មាននៅពេលថ្មីៗកន្លងទៅនេះថា ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិនគឺជាទង្វើដ៏ល្ងង់ណាស់។

ស្របពេលជាមួយគ្នានេះ អង្គភាពសេដ្ឋកិច្ចជាច្រើនកំពុងស្វែងរកបម្រែបម្រួលដោយម្ចាស់ការ ដើម្បីទប់ទល់នឹងហានិភ័យ និងការវាយប្រហារ ក៏ដូចជាលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ច តាមរយៈវិធីរៀបចំឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ និងកែសម្រួលរចនាសម្ព័ន្ធឧស្សាហកម្មជាដើម។ ពេលថ្មីៗកន្លងទៅនេះ កាសែត《Nikkei》 របស់ជប៉ុនបានចុះផ្សាយអត្ថបទថា បច្ចុប្បន្ននេះ និន្នាការ “បណ្តេញសហរដ្ឋអាមេរិកឱ្យនៅឯកោ” កំពុងពង្រីកជាបន្តបន្ទាប់ សហរដ្ឋអាមេរិកធ្វើផ្ទុយពីពាណិជ្ជកម្មសេរី ដែលកំពុងជំរុញឱ្យប្រទេសនិងតំបន់ដែលខិតខំប្រឹងប្រែង ដើម្បីសម្រេចពិពិធកម្មខាងពាណិជ្ជកម្មចូល ក្នុងការចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

បច្ចុប្បន្ននេះ ប្រទេសចិនជាដៃគូពាណិជ្ជកម្មសំខាន់របស់ប្រទេសនិងតំបន់ជាង១៥០។ នៅត្រីមាសទីមួយឆ្នាំនេះ ទំហំនាំចេញនាំចូល ខាងពាណិជ្ជកម្មទំនិញរបស់ចិនបានឡើងដល់ ១០,៣ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង១,៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ក្នុងនោះ ការនាំចេញបានកើនឡើង៦,៩ភាគរយ ដែលបង្ហាញពីភាពធន់ខ្លាំង បង្គួរក្នុងការឆ្លើយតបនឹងកម្លាំងសម្ពាធ។ ទន្ទឹមនឹងចិនដាក់ចេញជាបន្តបន្ទាប់ នូវគោលនយោបាយ ដែលមានអំណោយផល ដល់ការពង្រីកការបើកទូលាយចំពោះអន្តរជាតិ និងទាក់ទាញការវិនិយោគបរទេស សហគ្រាសពហុជាតិជាច្រើនដូចជា ក្រុមហ៊ុន Mercedes-Benz និង BMW ជាដើមសុទ្ធតែបង្ហាញឥរិយាបថថា នឹងធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន។

មិនថាភាគីអាមេរិកបានបង្កើតរបាំងខ្ពស់និងផ្តាច់ទំនាក់ទំនងខាងសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ក៏ចរន្តនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច គឺមិនអាចដើរបញ្ច្រាសបាន។ ប្រសិនបើមានអ្នកណាធ្វើការដោះដូរជាមួយ ភាគីអាមេរិកដោយមានចេតនាគ្រប់បែបយ៉ាង និងបំផ្លាញផលប្រយោជន៍របស់ភាគីចិន នោះ ភាគីចិននឹងចាត់វិធានការតបតវិញ ស្មើគ្នាយ៉ាងមុតមាំ ហើយប្រទេសចិនមានការប្តេជ្ញាចិត្ត និងសមត្ថភាពក្នុងការគាំពារសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួន៕

វិទ្យុមិត្តភាពកម្ពុជាចិន