(ប៉េកាំង)៖ ក្នុងសប្តាហ៍នេះ ចិនត្រូវបានរំពឹងថា នឹងបញ្ជូនអវកាសយានិកក្រុមថ្មីទៀត ឡើងទៅកាន់ស្ថានីយអវកាស ស្របពេលដែល ទីក្រុងប៉េកាំង បន្តបោះជំហានជាលំដាប់ឆ្ពោះទៅរកគោលដៅ នៃការនាំយកមនុស្សទៅដល់លើផ្ទៃរបស់ព្រះចន្ទ។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
បេសកកម្ម Shenzhou-20 ត្រូវបានរំពឹងថា នឹងចេញដំណើរពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Jiuquan ភាគពាយព្យប្រទេសចិន ដើម្បីនាំយកអវកាសយានិក៣រូប ឡើងទៅកាន់ស្ថានីយអវកាសរបស់ចិន Tiangong។ ក្រុមអវកាសយានិកថ្មីនេះ នឹងធ្វើកិច្ចការងារពិសោធន៍ផ្សេងៗ ដែលបម្រើជាប្រយោជន៍ដល់ គោលដៅពោរពេញដោយមហិច្ឆតា ក្នុងការនាំយកអវកាសយានិកចិន ទៅដល់លើផ្ទៃព្រះចន្ទឱ្យបាន នៅត្រឹមឆ្នាំ២០៣០ ហើយសាងសង់មូលដ្ឋានមួយនៅទីនោះ ថែមទៀត។ បេសកកម្មមុន គឺ Shenzhou-19 បានចាកចេញពីផែនដី កាលពីខែតុលា ឆ្នាំ២០២៤ ហើយនឹងឈានដល់កាលបរិច្ឆេទបញ្ចប់ នៅថ្ងៃទី២៩ ខែមេសា។
គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រធានាធិបតី ស៉ី ជីនពីង ប្រទេសចិនទទួលបានវឌ្ឍនភាពជាច្រើន នៅក្នុងវិស័យអវកាស។ កម្មវិធីអវកាសរបស់ចិន ស្ថិតនៅលេខរៀងទី៣ ដែលបានបញ្ជូនមនុស្សទៅដល់ទីអវកាស ហើយក៏បានចុះចតយានរ៉ូបូតនៅលើឋានព្រះចន្ទ និងភពអង្គារ (Mars) ផងដែរ។ ប៉ុន្តែសមិទ្ធផលពិសេសជាងគេបង្អស់នោះ គឺស្ថានីយអវកាស Tiangong ដែលក្រុមអវកាសយានិកចិន បានឆ្លាស់វេនគ្នាស្នាក់នៅរៀងរាល់៦ខែ ចាប់តាំងពីឆ្នាំ២០២១មក៕