(ម៉ានីល)៖ កាលពីថ្ងៃចន្ទ ទី២១ ខែមេសា កងទ័ពហ្វីលីពីននិងអាមេរិកសរុបជាង ១៤ ០០០នាក់ បានចាប់ផ្តើមការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ចំពោះមុខក្តីកង្វល់ផ្នែកសន្តិសុខនៅក្នុងតំបន់ ដែលរួមមានទាំងភាពតានតឹងនៅតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សមយុទ្ធយោធាទ្រង់ទ្រាយធំខាងលើ ហៅថា Balikatan នឹងប្រព្រឹត្តទៅរយៈពេល៣សប្តាហ៍ រហូតដល់ថ្ងៃទី៩ ខែឧសភា។ អំឡុងពេលនោះ នឹងមានការបង្ហាញសមត្ថភាពសព្វាវុធជាច្រើនរបស់អាមេរិក រួមមានទាំងប្រព័ន្ធមីស៉ីលប្រឆាំងនាវា NMESIS និង ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ជាដើម។ មិនតែប៉ុណ្ណោះ ហ្វីលីពីនក៏នឹងធ្វើតេស្តមីស៉ីលទំនើបរបស់ខ្លួនផ្ទាល់ផងដែរ អំឡុងការហាត់សម​បាញ់គ្រាប់ពិត ជាមួយអាមេរិក។

សមយុទ្ធយោធា Balikatan ឆ្នាំនេះ មានការចូលរួមពីកងទ័ពអាមេរិកប្រមាណ៩០០០នាក់ និងកងទ័ពហ្វីលីពីន៥០០០នាក់។ ក្រៅពីនេះ ក៏មានកងទ័ពមួយចំនួនតូច មកពីអូស្រ្តាលី ជប៉ុន ចក្រភពអង់គ្លេស បារាំង និងកាណាដា ចូលរួម ហើយមានប្រទេស ១៦ផ្សេងទៀត បានចុះឈ្មោះដើម្បីអង្កេតការណ៍ ផងដែរ។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំរវាងសម្ព័ន្ធមិត្តទាំងពីរ គឺស្របពេលនៅតែមានភាពតានតឹងក្នុងតំបន់អាស៉ី ជុំវិញសកម្មភាពរបស់ចិន នៅសមុទ្រចិនខាងត្បូង និងនៅក្បែរកោះតៃវ៉ាន់។ កាលពីថ្ងៃចន្ទ ទីក្រុងប៉េកាំង បានបង្ហាញជំហរជំទាស់យ៉ាងមុតមាំ ចំពោះប្រទេសទាំងឡាយ ដែលប្រើតៃវ៉ាន់ជាលេស ដើម្បីបង្កើនវត្តមានយោធានៅក្នុងតំបន់ ហើយបង្កភាពតានតឹងនិងការប្រឈមមុខ។ ភាពតានតឹងរវាងចិននិងហ្វីលីពីន បានកើនឡើងកម្តៅខ្លាំង ក្នុងរយៈពេលប្រមាណ២ឆ្នាំមកនេះ ជុំវិញការប្រឈមមុខគ្នាជាច្រើនលើក រវាងឆ្មាំសមុទ្ររបស់ប្រទេសទាំងពីរ នៅសមុទ្រចិនខាងត្បូង ដែលជាតំបន់មានបញ្ហាវិវាទ៕