(សេអ៊ូល)៖ ប្រធានាធិបតីស្ដីទីរបស់កូរ៉េខាងត្បូង លោក Han Duck-soo បានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារ ទី២២ ខែមេសា ថាលោករំពឹងថាកិច្ចចរចាពាណិជ្ជកម្មនៅក្នុងសប្ដាហ៍នេះជាមួយសហរដ្ឋអាមេរិក នឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកដំណោះស្រាយមួយដែលផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Choi Sang-mok និងរដ្ឋមន្ត្រីឧស្សាហកម្ម លោក Ahn Duk-geun នឹងត្រូវចូលរួមក្នុងកិច្ចចរចាមួយជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer នៅក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី២៤ ខែមេសា វេលាម៉ោង៨៖០០នាទីព្រឹក (ម៉ោងនៅវ៉ាស៊ីនតោន)។ តាមលោក Han Duck-soo កិច្ចចរចានេះត្រូវបានរៀបចំឡើងតបតាមសំណើរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទម្សិលមិញថារបៀបវារៈនៃកិច្ចចរចាពាណិជ្ជកម្ម កំពុងស្ថិតក្រោមការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក និងមិនទាន់ត្រូវបាន បញ្ជាក់អ្វីឡើយទេ។ សេចក្ដីថ្លែងការណ៍នេះដែរគឺជាការឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន Maeil Business របស់កូរ៉េខាងត្បូងដែលថារបៀបវារៈសម្រាប់កិច្ចចរចា ក្នុងនោះរួមមានកិច្ចពិភាក្សាស្ដីពីការចូលរួមរបស់ ទីក្រុងសេអ៊ូល នៅក្នុងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីរឹតត្បិតលើការធ្វើពាណិជ្ជកម្មជាមួយចិន ដោយមិនបានបញ្ជាក់ឱ្យច្បាស់ពីប្រភពដែលខ្លួនទទួលបាននោះទេ។

ចិនកាលពីថ្ងៃចន្ទក៏បានព្រមានដែរថានឹងចាត់វិធានការសងសឹកយ៉ាងម៉ឺងម៉ាត់ ចំពោះបណ្ដាប្រទេសទាំងឡាយណាដែលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឬសមគំនិតជាមួយសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យចិនខាតបង់៕