(ហ្សេរុយសាឡឹម)៖ ប្រធានសេវាចារកម្មក្នុងស្រុករបស់អ៊ីស្រាអែល (Shin Bet) លោក Ronen Bar បានទម្លាយនៅថ្ងៃចន្ទនេះថា ការប៉ុនប៉ងរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការបណ្តេញលោកចេញពីតំណែង គឺបណ្តាលមកពីការបដិសេធរបស់លោកក្នុងការបំពេញតាមសំណើរសុំចារកម្មលើក្រុមបាតុករអ៊ីស្រាអែល និងការរំខានដល់ដំណើរការសវនាការសំណុំរឿងអំពើពុករលួយរបស់លោក Netanyahu។ នេះបើយោងតាមលិខិតបញ្ជាក់របស់លោក Bar ដាក់ជូនតុលាការកំពូល និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥។
នៅក្នុងលិខិតបញ្ជាក់នោះ លោក Bar បានអះអាងថា ការសម្រេចចិត្តរបស់លោក Netanyahu កាលពីខែមីនា ដើម្បីបណ្តេញលោកចេញ មិនមែនផ្អែកលើហេតុផលវិជ្ជាជីវៈទេ ប៉ុន្តែត្រូវបានជំរុញដោយការរំពឹងទុកដែលមិនបានបំពេញ ចំពោះភក្ដីភាពផ្ទាល់ខ្លួន ចំពោះនាយករដ្ឋមន្ត្រី។ លោក Bar បានបញ្ជាក់ថា លោកបានបដិសេធមិនធ្វើតាមការទាមទាររបស់លោក Netanyahu ឲ្យប្រើប្រាស់សេវាស៊ើបការណ៍សម្ងាត់ប្រឆាំងនឹងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងបានបដិសេធមិនចុះហត្ថលេខាលើសំណើរសន្តិសុខ ដែលមានគោលបំណងការពារការផ្តល់សក្ខីកម្មរបស់លោក Netanyahu ក្នុងសវនាការសំណុំរឿងពុករលួយ។
ចំណាត់ការបណ្តេញលោក Bar បានបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំនៅអ៊ីស្រាអែល ហើយត្រូវបានតុលាការកំពូលបង្គាប់ឲ្យផ្អាក បន្ទាប់ពីក្រុមអ្នកឃ្លាំមើល និងអ្នកតំណាងរាស្ត្របក្សប្រឆាំងប្តឹងថា វាខុសច្បាប់ និងមានទំនាស់ផលប្រយោជន៍។ អ្នករិះគន់ចោទរដ្ឋាភិបាលថា កំពុងបំផ្លាញស្ថាប័នរដ្ឋ ខណៈគណបក្ស Likud របស់លោក Netanyahu បានចោទប្រកាន់លោក Bar ថា បានធ្វើសកម្មភាពប្រឆាំងនាយករដ្ឋមន្ត្រី។
រដ្ឋាភិបាលបានគាំទ្រការលើកឡើងរបស់លោក Netanyahu ថាមូលហេតុនៃការចង់បណ្ដេញលោក Bar គឺការបាត់បង់ទំនុកចិត្តក្រោយការវាយប្រហារថ្ងៃទី ៧ តុលា ២០២៣។ ទោះយ៉ាងណា លោក Bar បានបដិសេធក្នុងលិខិតបញ្ជាក់ ដោយអះអាងថា ការប៉ុនប៉ងបណ្ដេញលោកចេញបានចាប់ផ្ដើមច្រើនជាងមួយឆ្នាំក្រោយមក ហើយមូលហេតុពិតប្រាកដគឺទាក់ទងនឹងព្រឹត្តិការណ៍ថ្មីៗ រួមមានការស៊ើបអង្កេតលើការលេចធ្លាយឯកសារសម្ងាត់ ទំនាក់ទំនងជំនួយការលោក Netanyahu និងកាតា និងការស៊ើបអង្កេតផ្ទៃក្នុងរបស់ Shin Bet (សេវាចារកមកម្ម) ដែលប៉ះពាល់ដល់រដ្ឋាភិបាល។
គួរបញ្ជាក់ថា ជម្លោះរវាងនាយករដ្ឋមន្ត្រី និងប្រធានសេវាសន្តិសុខផ្ទៃក្នុងនេះ កំពុងបន្ថែមភាពតានតឹងដល់ស្ថានភាពនយោបាយនៅក្នុងប្រទេសអ៊ីស្រាអែល ដែលកំពុងតែប្រឈមនឹងបញ្ហាជាច្រើនស្រាប់៕