Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាថ្ងៃអង្គារសប្តាហ៍នេះ

21-04-2025 16:02

(តេហេរ៉ង់)៖ ក្រសួងការបរទេសនៃប្រទេសអ៉ីរ៉ង់ បានឱ្យដឹងថា ប្រមុខការទូតអ៉ីរ៉ង់ លោក Abbas Araghchi នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាថ្ងៃអង្គារសប្តាហ៍នេះ មុនកិច្ចពិភាក្សាជុំទី៣ស្តីពីបញ្ហានុយក្លេអ៊ែរ រវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

គម្រោងទស្សនកិច្ចខាងលើទៅកាន់ចិន ដែលជាប្រទេសហត្ថលេខីមួយ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលដាក់កំហិត​កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ត្រូវបានប្រកាសដោយ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmaeil Baqaei អំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ នាថ្ងៃចន្ទនេះ។ សហរដ្ឋអាមេរិក ក្រោមអាណត្តិទី១ របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបោះបង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះចោល កាលពីឆ្នាំ២០១៨។

គួរបញ្ជាក់ថា អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ កាលពីសប្តាហ៍មុន លោក Araghchi បានលើកឡើងថា ទីក្រុងតេហេរ៉ង់ តែងតែធ្វើការប្រឹក្សាយោបល់យ៉ាងជិតស្និទ្ធជានិច្ច ជាមួយប្រទេសជាមិត្ត ដូចជារុស្ស៉ីនិងចិន ជុំវិញបញ្ហានុយក្លេអ៊ែររបស់ខ្លួន។ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ អ៉ីរ៉ង់និងអាមេរិក នឹងត្រូវបើកកិច្ចពិភាក្សានុយក្លេអ៊ែរ ជុំទី៣ នៅឯប្រទេសអូម៉ង់៕