(បុរីវ៉ាទីកង់)៖ នៅថ្ងៃចន្ទ ទី២១ ខែមេសា បុរីវ៉ាទីកង់បានប្រកាសឱ្យដឹងថា សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

បុរីវ៉ាទីកង់បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា សម្តេចប៉ាបបានយាងចូលទិវង្គត កាលពីវេលាម៉ោង ៧៖៣៥នាទីព្រឹកថ្ងៃចន្ទនេះ។ ដំណឹងសោយទិវង្គតរបស់សម្តេចប៉ាប ហ្រ្វង់ស៉ីស គឺបន្ទាប់ពីទ្រង់ បានបង្ហាញព្រះរាជវត្តមានជាសាធារណៈ នៅទីលាន Saint Peter's Square នាឱកាសថ្ងៃបុណ្យសាសនាគ្រិស្ត Easter កាលពីថ្ងៃអាទិត្យកន្លងទៅ។

គួរបញ្ជាក់ថា អំឡុងរយៈពេល១២ឆ្នាំ ក្នុងតួនាទីជាសម្តេចសង្ឃកំពូល នៃសាសនាគ្រិស្តរ៉ូម៉ាំងកាតូលិក ទ្រង់ធ្លាប់ព្រះប្រឈួនជាច្រើន។ កាលពីថ្ងៃទី២៣ មីនា សម្តេចប៉ាប ហ្រ្វង់ស៉ីស ទើបតែបានចាកចេញពីមន្ទីរពេទ្យ ក្រោយចំណាយពេលជាង១ខែ ស្ថិតនៅទីនោះ បន្ទាប់ពីប្រឈួនធ្ងន់ធ្ងរ។

​* ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស

សម្ដេចប៉ាប ហ្រ្វង់ស៊ីល ដែលមានឈ្មោះដើមថា Jorge Mario Bergoglio គឺជាសម្ដេចប៉ាបដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ ដែលមានដំណើមមកពីតំបន់អាមេរិកឡាទីន។ សម្ដេចប៉ាប បានប្រសូតនៅក្នុង ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៣៦ និងប្រសូតចេញពីគ្រួសារជាជនអន្តោប្រវេសន៍អ៉ីតាលី។ ឪពុករបស់ព្រះអង្គមានឈ្មោះ Mario ជាគណនេយ្យករម្នាក់នៅក្រុមហ៊ុន ដឹកជញ្ជូនតាមផ្លូវដែក និងមានម្ដាយឈ្មោះ Regina Sivori ជាស្ត្រីមេផ្ទះម្នាក់ដែលបានលះបង់យ៉ាងធំធេងក្នុងការចិញ្ចឹមកូន៥នាក់។ សម្ដេចប៉ាបបានបញ្ចប់ការសិក្សាផ្នែកបច្ចេកទេសគីមី។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៥៨ សម្ដេចប៉ាប បានឈានចូលជើងសហគមន៍គ្រឹស្ដបរិស័ទ។ សម្ដេចបានបញ្ចប់ការសិក្សាផ្នែកមនុស្សជាតិ ក្នុងប្រទេសស៊ីលី ហើយបានត្រឡប់ចូលប្រទេសអាហ្សង់ទីនវិញក្នុងឆ្នាំ១៩៦៣ ដើម្បីបន្តបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រទស្សនវិជ្ជាពីសាកលវិទ្យាល័យ Colegio de San José ក្នុងទីក្រុង San Miguel។

ចាប់ពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៦៥ សម្ដេចប៉ាប បានបង្រៀនខាងអក្សរសាស្ត្រ និងចិត្តវិទ្យា នៅសាកលវិទ្យាល័យ Immaculate Conception College ក្នុងទីក្រុង Santa Fé និងនៅឆ្នាំ១៩៦៦ សម្ដេច បានបង្រៀនមុខវិជ្ជាដូចគ្នានេះនៅឯសាកលវិទ្យាល័យ Colegio del Salvatore ក្នុងទីក្រុង Buenos Aires។ ចាប់ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧០ ព្រះអង្គបានសិក្សាលើមុខជំនាញបច្ចេកវិទ្យា និងទទួលបាន សញ្ញាបត្រពីសាកលវិទ្យាល័យ Colegio of San José។ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩៧៣ ព្រះអង្គត្រូវបានតែងតាំងជាសង្ឃកាតូលិកជាន់ខ្ពស់នៅក្នុងប្រទេសអាហ្សង់ទីន។

សម្ដេចប៉ាប ហ្រ្វង់ស៊ីស បានក្លាយជាសម្ដេចសង្ឃកាតូលិក ឬសម្ដេបាបទី២៦៦ ចាប់តាំងពីឆ្នាំ២០១៣មក ក្រោយសម្ដេចប៉ាប Benedict XVI លាលែងពីតំណែងដោយសារវ័យជរា និងបញ្ហាសុខភាព៕