Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខការទូតចិន អំពាវនាវឱ្យឥណ្ឌូណេស៉ី ចូលរួមប្រឆាំងឯកតោភាគីនិយម និងគាំពារនិយម (Video inside)

21-04-2025 14:38

(ប៉េកាំង)៖ នៅថ្ងៃចន្ទ ទី២១ ខែមេសា រដ្ឋមន្រ្តីការបរទេសនៃប្រទេសចិន លោក Wang Yi បាននិយាយថា ចិននិងឥណ្ឌូណេស៉ី គួរតែចូលរួមប្រឆាំងគោលការណ៍ឯកតោភាគីនិយម និងគោលការណ៍ពាណិជ្ជកម្មគាំពារនិយម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោកប្រមុខការទូតចិនបាននិយាយបន្ថែមថា ភាគីទាំងពីរគួរតែរួមគ្នាពន្លឿនកិច្ចប្រឹងប្រែង ធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ ព្រមទាំងរក្សាការពារស្ថិរភាព នៃខ្សែចង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្ម។ លោក Wang បានលើកឡើងដូចខាងលើ អំឡុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងបន្ទាប់ពី រូបលោកនិងរដ្ឋមន្រ្តីការពារជាតិចិន លោក Dong Jun បានបើកកិច្ចប្រជុំ​ជាមួយសមភាគីឥណ្ឌូណេស៉ី នៅទីក្រុងប៉េកាំង នាថ្ងៃចន្ទនេះ។

គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលនេះ ក្រសួងពាណិជ្ជកម្មចិន ក៏បានចេញមុខនិយាយផងដែរថា ទីក្រុងប៉េកាំងប្រឆាំងយ៉ាងមុតមាំចំពោះ ការចុះកិច្ចព្រមព្រៀងទាំងឡាយ រវាងសហរដ្ឋអាមេរិក និងបណ្តាដៃគូពាណិជ្ជកម្មនានា ដែលគំរាមកំហែងចំពោះផលប្រយោជន៍​របស់ប្រទេសចិន ក្រោយមានសេចក្តីរាយការណ៍ថា អាមេរិកកំពុងត្រៀមលក្ខណៈដាក់សម្ពាធឱ្យប្រទេសដទៃ រឹតត្បិតចំណងទាក់ទងផ្នែកពាណិជ្ជកម្ម ជាមួយចិន ដើម្បីជាថ្នូរនឹងការលើកលែងពន្ធគយ។ ក្រសួងពាណិជ្ជកម្មចិន បានបន្តថា នៅចំពោះមុខឯកភាពភាគីនិយម និងគាំពារនិយម ពុំមានប្រទេសណាមួយនៅលើពិភពលោក ដែលមិនរងការប៉ះពាល់នោះឡើយ៕