ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង ទទួលស្គាល់ថា ការចរចាបញ្ហាពន្ធគយជាមួយអាមេរិក ប្រហែលមិនងាយស្រួលឡើយ (Video inside)
21-04-2025 14:02
(សេអ៊ូល)៖ នៅថ្ងៃចន្ទ ទី២១ ខែមេសា ប្រធានាធិបតីស្តីទីនៃប្រទេសកូរ៉េខាងត្បូង លោក Han Duck Soo បាននិយាយថា រូបលោករំពឹងថា កិច្ចពិភាក្សាបញ្ហាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍នេះ នឹងជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យ ប៉ុន្តែលោកទទួលស្គាល់ថា ការចរចានោះប្រហែលមិនមែនជា រឿងងាយស្រួយឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Han បាននិយាយថា រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីឧស្សាហកម្មរបស់កូរ៉េខាងត្បូង នឹងត្រូវជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងអ្នកតំណាងពាណិជ្ជកម្មរបស់អាមេរិក លោក Jamieson Greer នៅថ្ងៃទី២៤ ខែមេសា។ លោក Han បានអះអាងថា ទីក្រុងសេអ៊ូល នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកដំណោះស្រាយមួយ ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក តាមរយៈការពិគ្រោះយោបល់ដោយអត់ធ្មត់ និងប្រាកដប្រជា ជាមួយភាគីអាមេរិក នៅក្រោមគោលការណ៍ផ្តោតអាទិភាពលើផលប្រយោជន៍ជាតិ។
ថ្លែងអំឡុងកិច្ចប្រជុំមួយជាមួយក្រុមមន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង ស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស លោក Han បានសង្កត់ធ្ងន់ថា «ដំណើរការចរចាជាមួយសហរដ្ឋអាមេរិក ប្រហែលមិនមែនជារឿងងាយស្រួលឡើយ ហើយខ្ញុំដឹងថា មានក្តីរំពឹងនិងក្តីកង្វល់ជាច្រើននៅលាយឡំជាមួយគ្នា ខណៈដែលកិច្ចពិភាក្សាជាមួយភាគីអាមេរិក ចាប់ផ្តើម»៕