(ប៉េកាំង)៖ ក្រុមហ៊ុនលំដាប់ទី១ ផ្នែកសេវាកម្មលក់លើបណ្ដាញ Internet Alibaba របស់មហាសេដ្ឋីចិន លោក Jack Ma បានឱ្យដឹងនៅថ្ងៃពុធនេះថា ផលចំណេញនៃការលក់របស់ខ្លួននៅត្រីមាសទី២ បានកើនឡើង៥៥ភាគរយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ Alibaba បញ្ជាក់ថាការលក់នៅត្រីមាសទី២ ឆ្នាំ២០១៦នេះ បានហក់ឡើងជិត៥៥ភាគរយ ឬស្មើនឹង៥.១ពាន់លានដុល្លារ ពោលគឺវាល្អប្រសើរជាងការព្យាករណ៍ ដោយសារតែការរីកចំរើនផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងការផ្សព្វផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុន។
សូមជំរាបថា នៅថ្ងៃពុធនេះ ភាគហ៊ុនក្រុមហ៊ុន Alibaba បានកើនឡើងច្រើនជាង៣ភាគរយ នៅមុនផ្សារហ៊ុន បើកជួញដូរ។ ដោយឡែកកាលពីអង្គារម្សិលមិញ ភាគហ៊ុនក្រុមហ៊ុនមួយនេះមានតម្លៃ១០១.១៥ដុល្លារ នៅក្នុងទីក្រុងញូយ៉ក និងកើនដល់២៤ភាគរយនៅក្នុងឆ្នាំនេះ៕