(ហ្សឺណែវ)៖ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ការកាត់បន្ថយជំនួយបរទេសរបស់សហរដ្ឋអាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌ដ៏​ស្រួចស្រាវ​ នៅ​ទូទាំង​ពិភពលោក ស្របពេលដែលមានការព្រមាន ដកខ្លួនចេញទាំងស្រុងពីស្ថាប័នអង្គការសហប្រជាជាតិមួយនេះថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ ២០២៥។

ទីក្រុងវ៉ាស៉ីនតោន ដែលជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ WHO ជាយូរណាស់មកហើយ មិនបានផ្តល់ថវិកាសម្រាប់ឆ្នាំ ២០២៤នោះទេ ហើយក៏មិនប្រាកដដែរថាសហរដ្ឋអាមេរិក នឹងបំពេញកាតព្វកិច្ចសមាជិកភាពរបស់ខ្លួន សម្រាប់ឆ្នាំ ២០២៥ឬអត់។ តាមរបាយការណ៍ដែល AFP ដកស្រង់មក WHO ប្រឈមមុខនឹងភាពខ្វះខាតក្នុងឆ្នាំនេះ ហើយបានស្នើឱ្យកាត់បន្ថយថវិកាមួយភាគប្រាំ ដោយទំនងជានឹងនាំដល់ការកាត់បន្ថយលទ្ធភាព និងកម្លាំងការងារ។

នាយក​ប្រចាំ​តំបន់មេឌីទែរ៉ាណេ​ខាង​កើត​នៃ WHO លោកស្រី Hanan Balkhy បាន​ប្រាប់ AFP ថា «WHO រួមជាមួយដៃគូរបស់ខ្លួន មានតួនាទីសំខាន់ក្នុងការទ្រទ្រង់ ស្តារឡើងវិញនូវប្រព័ន្ធថែទាំសុខភាព បណ្តុះបណ្តាលក្រុមវេជ្ជសាស្រ្ដសង្គ្រោះបន្ទាន់ និងសង្រ្គោះបឋម។ ប៉ុន្តែភាគច្រើននៃកម្មវិធី​ទាំងនេះ​បាន​បញ្ឈប់​ ឬ​មិន​អាចបន្ត​ដំណើរការទៀត​បាន​ឡើយ»។ លោកស្រី Balkhy បានលើកពីសង្រ្គាមកំពុងបន្តនៅហ្កាហ្សា ស៊ូដង់ និងយេម៉ែន ដែលជាតំបន់ត្រូវការជាចាំបាច់នូវការថែទាំសុខភាព និងកម្មវិធីផ្តល់ជំនួយថាបានរងសម្ពាធរួចទៅហើយ តាំងពីមុនការផ្អាកមូលនិធិមកម្ល៉េះ។

គួរបញ្ជាក់ថា ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កកជំនួយមូលនិធិបរទេស រុះរើទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងកម្មវិធីផ្សេងទៀត ហើយបានប្រកាសពីផែនការចាកចេញពី WHO៕