(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានចែករំលែកព័ត៌មានសម្ងាត់ អំពីផែនការវាយប្រហាររបស់សហរដ្ឋអាមេរិកប្រឆាំងក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន នៅក្នុង គ្រុបឆាតទី២ នៃកម្មវិធីផ្ញើសារ Signal ដែលនៅលើកនេះមានរួមបញ្ចូល ភរិយា បងប្អូនប្រុស និងមេធាវីផ្ទាល់ខ្លួនរបស់លោក។ នេះបើតាម New York Times ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

កាសែតអាមេរិក New York Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី២០ ខែមេសា ថាការបែកធ្លាយខាងលើគឺជាលើកទី២ ដែលលោក Hegseth ត្រូវបានចោទប្រកាន់ថាបានចែករំលែកព័ត៌មានរសើបយោធាលើកម្មវិធីផ្ញើសារធម្មតាមួយ ជាមួយបុគ្គលដែលមិនត្រូវបានអនុញ្ញាត។ កាលពីខែមីនា ទស្សនាវដ្ដីអាមេរិក Atlantic បានឱ្យដឹងថា និពន្ធនាយករបស់ខ្លួន គឺលោក Jeffrey Goldberg ត្រូវបានបញ្ចូលដោយចៃដន្យទៅក្នុងគ្រុបឆាតមួយដែលមានសុទ្ធសឹងតែមន្ត្រីជាន់ខ្ពស់របស់លោក ត្រាំ ក្នុងនោះរួមមានទាំងលោក Hegseth និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក Mike Waltz ដែលបានពិភាក្សាគ្នាអំពីការវាយប្រហារលើក្រុមហ៊ូទី នៅយេម៉ែនកាលពីថ្ងៃទី១៥ ខែមីនា។

ការបែកធ្លាយនេះបានធ្វើឱ្យក្រុមអ្នកប្រជាធិបតេយ្យខឹងសម្បារ និងធ្វើឱ្យរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវប្រឈមមុខនឹងរឿងអាស្រូវមួយ និងការស៊ើបអង្កេតជុំវិញការបែកធ្លាយ នោះ។ តាម New York Times លោក Hegseth បានចែករំលែកព័ត៌មានអំពីការវាយប្រហារ កាលពីថ្ងៃទី១៥ ខែមីនា នៅក្នុងគ្រុបឆាតទី២ នៅលើកម្មវិធី Signal ហើយព័ត៌មានទាំងនោះរួមមាន ពេលវេលានៃការចេញធ្វើប្រតិបតិ្តរបស់យន្ដហោះចម្បាំង F-18 ដើម្បីវាយប្រហារលើក្រុមហ៊ូទី។ ប៉ុន្តែ ខុសប្លែកពីការបែកធ្លាយកាលពីលើកមុន ដែលអ្នកកាសែត Jeffrey Goldberg ត្រូវបាន បញ្ចូលក្នុងគ្រុបឆាតដោយចៃដន្យ គ្រុបឆាតលើកនេះត្រូវបានបង្កើតឡើងដោយលោក Hegseth ផ្ទាល់តែម្ដង។ លោក Hegseth បានបញ្ចូលភរិយា និងមនុស្សជិតស្និទ្ធនឹងរូបលោកជាច្រើននាក់ កាលពីខែមករា មុននឹងរូបលោកត្រូវបានព្រឹទ្ធសភាទទួលស្គាល់ជារដ្ឋមន្ត្រីការពារជាតិអាមេរិក។

គួរបញ្ជាក់ថា ភរិយារបស់លោក Hegseth គឺលោកស្រី Jennifer ជាអ្នកសារព័ត៌មានម្នាក់ និងជាអតីតអ្នកផលិតកម្មវិធីសម្រាប់ទូរទស្សន៍ Fox News។ គ្រុបឆាតទី២នេះក៏មានបញ្ចូលផងដែរ បងប្អូនប្រុសរបស់លោក គឺលោក Phil និងលោក Tim Parlatore ដែលអ្នកទាំង២នាក់នេះកំពុងបម្រើការងារនៅមន្ទីរបញ្ចកោណ៕