Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេលេនស្គី អំពាវនាវឱ្យលោក ពូទីន ពន្យារបទឈប់បាញ់ដល់៣០ថ្ងៃ និងចោទថា ការវាយប្រហាររបស់រុស្ស៉ី នៅតែបន្តតាមតំបន់មួយចំនួន

20-04-2025 10:21

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនយល់ព្រមចំពោះបទឈប់បាញ់បុណ្យ Easter បន្ទាប់ពីលោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឱ្យកងទ័ពរុស្ស៉ីផ្អាកសកម្មភាពវាយប្រហារនានា ចាប់តាំងពីម៉ោង៦ល្ងាចថ្ងៃសៅរ៍សប្តាហ៍នេះ រហូតដល់យប់រំលងអាធ្រាត្រឈានចូលថ្ងៃចន្ទសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

យ៉ាងណាមិញ លោក ហ្សេលេនស្គី បានអំពាវនាវឱ្យលោក លោក ពូទីន ពន្យារបទឈប់បាញ់លើសពី៣០ម៉ោង ឱ្យដល់៣០ថ្ងៃ។ លោកប្រធានាធិបតីអ៊ុយក្រែន បានលើកហេតុផលថា វានឹងបង្ហាញចេតនាពិតប្រាកដរបស់រុស្ស៉ី ដ្បិតរយៈពេលត្រឹម៣០ម៉ោង គឺបានសម្រាប់តែល្អមើលប៉ុណ្ណោះ ពោលមិនគ្រប់គ្រាន់សម្រាប់ការកសាងទំនុកចិត្តពិតជាក់ស្តែងរវាងគ្នាឡើយ។ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ថា បទឈប់បាញ់រយៈពេល៣០ថ្ងៃ អាចផ្តល់ឱកាសដើម្បីស្វែងរកសន្តិភាពពិតប្រាកដមួយ។

ទន្ទឹមគ្នានេះ លោក ហ្សេលេនស្គី ក៏បានអះអាងផងដែរថា ទីក្រុងមូស្គូហាក់មិនបានគោរពពាក្យសន្យារបស់ខ្លួន រួចស្រេចទៅហើយ ដោយសារសកម្មភាពវាយប្រហាររបស់រុស្ស៉ី ត្រូវបានរាយការណ៍ថា នៅតែបន្តតាមតំបន់មួយចំនួន ជាពិសេសនៅសមរភូមិមុខ។ ដូច្នេះហើយ លោក ហ្សេលេនស្គី បាននិយាយថា វាដូចជាពិបាកនឹងជឿទុកចិត្តខ្លាំងណាស់ នូវពាក្យសម្តីចេញមកពីទីក្រុងមូស្គូ។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមរវាងរុស្ស៉ីនិងអ៊ុយក្រែន បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក គឺមិនដែលធ្លាប់មាន ការផ្អាកប្រយុទ្ធគ្នាឡើយ។ កាលពីខែមីនាកន្លងទៅ រុស្ស៉ីបានបដិសេធចំពោះ សំណើរបស់អាមេរិក ដែលចង់ឱ្យមានបទឈប់បាញ់រយៈពេល៣០ថ្ងៃ ដោយឥតលក្ខខណ្ឌ។ បទឈប់បាញ់នោះ ត្រូវបានអ៊ុយក្រែនបង្ហាញការគាំទ្រ។ ការប្រកាសបទឈប់បាញ់ រយៈពេលត្រឹម៣០ម៉ោងរបស់លោក ពូទីន កើតមានឡើង បន្ទាប់ពីរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ទីក្រុងវ៉ាស៉ីនតោននឹងបោះបង់ចោលកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការជួយស្វែងរកសន្តិភាពសម្រាប់សង្រ្គាមនៅអ៊ុយក្រែន ប្រសិនបើនៅតែ មិនមានសញ្ញារីកចម្រើនទៅមុខ ណាមួយទេនោះ៕