(ញូវយ៉ក)៖ អ៉ីស្រាអែល មិនបានច្រានចោលឡើយនូវជម្រើសបើកការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ នៅប៉ុន្មានខែខាងមុខទៀតនេះ បើទោះជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូថាសហរដ្ឋអាមេរិកមិនមានបំណងគាំទ្រដល់ការធ្វើសកម្មភាពយោធារបៀបនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមមន្ត្រីអ៉ីស្រាអែល បានប្ដេជ្ញាថានឹងមិនអនុញ្ញាតឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរដាច់ខាត។ រីឯលោក ណេតាន់យ៉ាហ៊ូ ក៏បានទទូចដែរថារាល់កិច្ចចរចាណាមួយជាមួយអ៉ីរ៉ង់ ត្រូវតែនាំទៅរកការរំសាយចោល កម្មវិធីនុយក្លេអ៊ែរទាំងស្រុងរបស់អ៉ីរ៉ង់។ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើមន្ត្រីអ៉ីស្រាអែលម្នាក់ និងប្រភពចំនួន ២ ដែលបានដឹងអំពីបញ្ហានេះ បានឱ្យដឹងទៀតថាជាច្រើនខែកន្លងមកនេះ អ៉ីស្រាអែល​​​​​​​​​​​​​​​​​​​​បានព្យាយាមបញ្ចុះបញ្ចូលឱ្យរដ្ឋបាលលោក ត្រាំ បើកការវាយប្រហារតាមផ្លូវអាកាសលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់។ តាមប្រភពដដែល ផែនការនេះក្នុងនោះរួមមានការធ្វើប្រតិបត្តិការរួមគ្នារវាង ការវាយប្រហារតាមផ្លូវអាកាស និងកម្ម៉ង់ដូរពិសេស ដែលមានគោលដៅបំផ្លាញសមត្ថភាពរបស់អ៉ីរ៉ង់ក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ ក្នុងរយៈពេលច្រើនខែ ឬច្រើនឆ្នាំទៅមុខ។

កាសែតអាមេរិក New York Times កាលពីថ្ងៃពុធសប្ដាហ៍នេះ ក៏បានរាយការណ៍ដែរថាលោក ត្រាំ បានប្រាប់លោក ណេតាន់យ៉ាហ៊ូ ក្នុងជំនួបនៅឯសេតវិមានកាលពីដើមខែមេសានេះថាវ៉ាស៊ីនតោន ក្នុងពេលនេះចង់ផ្ដោតជាអាទិភាពលើកិច្ចចរចាតាមផ្លូវការទូតជាមួយតេហេរ៉ង់ ហើយថាលោកមិនមានបំណងគាំទ្រដល់ការវាយប្រហារតាមផ្លូវអាកាសលើរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ពេលដ៏ ខ្លីខាងមុខនោះឡើយ។ ក៏ប៉ុន្តែ បើតាម Reuters ក្រុមមន្ត្រីអ៉ីស្រាអែលបច្ចុប្បន្ន ជឿជាក់ថាសកម្មភាពរបស់ពួកគេអាចនឹងធ្វើឡើង ក្រោមទម្រង់នៃការវាយប្រហារតាមផ្លូវអាកាសមានដែនកំណត់លើអ៉ីរ៉ង់ ដែលមិនសូវតម្រូវឱ្យមានការគាំទ្រពីសហរដ្ឋអាមេរិកនោះទេ។ ពោលគឺការវាយប្រហារបែបនេះមានទ្រង់ទ្រាយតូចជាងសំណើ ដែលអ៉ីស្រាអែលស្នើទៅកាន់សហរដ្ឋអាមេរិកនាពេលកន្លងមក។ គេក៏មិន ទាន់ដឹងច្បាស់ដែរថាតើអ៉ីស្រាអែលនឹងបើកការវាយប្រហារតាមគម្រោងឬក៏អត់ ឬថាតើនឹងធ្វើវានៅពេលណានោះទេ ជាពិសេសក្នុងពេលដែលអាមេរិក និងអ៉ីរ៉ង់កំពុងចាប់ផ្ដើមកិច្ចចរចាដើម្បីស្វែងរក កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ នឹងរៀបចំកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជុំទី២ នៅថ្ងៃសៅរ៍ ទី១៩​ ខែមេសា នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ក្រោយភាគីទាំង២បានអះអាងថាកិច្ចចរចា ជុំទី១កាលពីសប្ដាហ៍មុន នៅក្នុងប្រទេសអូម៉ង់ ប្រព្រឹត្តទៅប្រកបដោយលក្ខណៈស្ថាបនា៕