(ប៉េកាំង)៖ “ចងចំណងមិត្តភាពពាន់ឆ្នាំ” “ធ្វើការប្រាស្រ័យទាក់ទងដោយចិត្តស្មោះ” ។ល។ អ្នកផងទាំងពួងតែងតែប្រើប្រាស់ ពាក្យដ៏ល្អបវរទាំងនេះមកពិពណ៌នា ទំនាក់ទំនងដ៏មេត្រីភាពរវាងចិននិងម៉ាឡេស៊ី ។ លោកប្រធានរដ្ឋចិន Xi Jinping បានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែមេសា ភាគីទាំងពីរបានឯកភាពគ្នាកសាង សហគមន៍រួមវាសនាចិន-ម៉ាឡេស៊ីដែលប្រកបដោយយុទ្ធសាស្ត្រកម្រិតខ្ពស់ ដើម្បីបង្កើត“៥០ឆ្នាំមាស”ថ្មីនៃទំនាក់ទំនងរវាងចិននិងម៉ាឡេស៊ី។

ក្នុងស្ថានការណ៍ថ្មី តើត្រូវកសាងសហគមន៍រួមវាសនាចិន-ម៉ាឡេស៊ីប្រកបដោយយុទ្ធសាស្ត្រកម្រិតខ្ពស់តាមរបៀបណា? លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងសំណើបីចំណុច ពោលគឺ “ប្រកាន់ខ្ជាប់នូវភាពជាម្ចាស់ការខាងយុទ្ធសាស្ត្រ និងធ្វើកិច្ចសហការជាយុទ្ធសាស្រ្តដែលប្រកបដោយស្តង់ដារខ្ពស់” “ប្រមូលផ្តុំកម្លាំងអភិវឌ្ឍន៍ ដើម្បីបង្កើតជាគំរូភាពនៃការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់” និង“បន្តវេនចំណងមិត្តភាពពីមួយជំនាន់ទៅមួយជំនាន់ និងធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងការរៀនសូត្រអរិយធម៌ពីគ្នា” ។

បើមើលពីស្រទាប់យុទ្ធសាស្ត្រ គំនិតឯកភាពរួមមួយចំនួនដែលថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរបានឈានដល់លើកនេះ បានឈរលើមូលដ្ឋាននៃទ្វេភាគីផង ហើយក៏យកឈ្នះលើទ្វេភាគីផងដែរ ដែលមានអត្ថន័យជាក់ស្តែងដ៏សំខាន់។ មួយផ្នែក ភាគីទាំងពីររំលឹកឡើងវិញពីការគាំទ្រយ៉ាងមុតមាំទៅវិញទៅមកលើ បញ្ហាពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូលរៀងខ្លួន ក៏ដូចជាបញ្ហាធំនិងសំខាន់ដែលយកចិត្តទុកដាក់ដូចគ្នា។

មួយផ្នែកទៀត ចិននិងម៉ាឡេស៊ីសុទ្ធតែផ្តួចផ្តើមឱ្យបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីទប់ទល់នឹង ហានិភ័យនិងបញ្ហាប្រឈម ហើយសន្យាថា នឹងរួមគ្នាគាំពារ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ ក្នុងនាមជាប្រធានផ្លាស់វេននៃអាស៊ាន ភាគីម៉ាឡេស៊ីក៏បានបង្ហាញថា អាស៊ាននឹងមិនឯកភាពជាមួយ រាល់ទង្វើណាមួយដែលដំឡើងពន្ធគយដោយឯកតោភាគីទេ ។ នេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ទៅកាន់ពិភពលោកថា នឹងរួមគ្នាទប់ទល់នឹងការប៉ះទង្គិចផ្នែកភូមិសាស្ត្រនយោបាយ និងការបដិបក្ខគ្នាជាក្រុម ហើយប្រយុទ្ធប្រឆាំងនឹង ចរន្តបញ្រ្ចាស នៃឯកតោភាគីនិយមនិងគាំពារនិយម។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ច ថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរបានរួមគ្នា ធ្វើជាសាក្សីនៃការផ្លាស់ប្តូរឯកសារ សហប្រតិបត្តិការទ្វេភាគី ជាង៣០ច្បាប់រវាងចិននិងម៉ាឡេស៊ី ដែលគ្របដណ្តប់វិស័យជាច្រើនដូចជា កិច្ចសហប្រតិបត្តិការ ខាងគំនិតផ្តួចផ្តើមសកលធំបី សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មសេវាកម្ម បន្ទប់ពិសោធន៍ចម្រុះ បញ្ញាសិប្បនិម្មិត ផ្លូវដែក និងការនាំចេញកសិផលទៅកាន់ប្រទេសចិនជាដើម។ អាចប៉ាន់ប្រមាណថា ក្នុង “៥០ឆ្នាំមាស”ថ្មីខាងមុខ កិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងចិននិងម៉ាឡេស៊ីនឹង មានភាពកាន់តែជិតស្និទ្ធ និងមានគុណភាពកាន់តែខ្ពស់ ដើម្បីជំរុញឱ្យប្រទេសទាំងពីរ សម្រេចបាននូវការអភិវឌ្ឍកាន់តែធំ។

“រួមសុខរួមទុក្ខនិងចែករំលែកវិបុលភាពជាមួយគ្នា” នេះជាការឆ្លុះបញ្ចាំងដ៏ពិតប្រាកដ នៃសហគមន៍រួមវាសនាចិន-ម៉ាឡេស៊ី ។ ឈរលើទីចាប់ផ្តើមថ្មី កសាងសហគមន៍រួមវាសនាចិន-ម៉ាឡេស៊ី ប្រកបដោយយុទ្ធសាស្ត្រកម្រិតខ្ពស់ ទទួលបានការគាំទ្រ ពីប្រជាជន សម្របទៅតាមនិន្នាការអភិវឌ្ឍន៍ទូទៅ ដែលនឹងបំពេញបន្ថែមកម្លាំងចលករថ្មីដល់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ។ អាចប៉ាន់ប្រមាណថា “៥០ឆ្នាំមាស” ថ្មីនៃទំនាក់ទំនងរវាងចិននិងម៉ាឡេស៊ី នឹងមានភាពកាន់តែល្អប្រសើរ៕

វិទ្យុមិត្តភាពកម្ពុជាចិន