(កៀវ)៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៉ីនតោន នៅសប្តាហ៍ក្រោយ ដើម្បីបើកកិច្ចពិភាក្សាជាមួយក្រុមមន្រ្តីជាន់ខ្ពស់អាមេរិក ក្នុងគោលដៅសម្រេចឱ្យបានកិច្ចព្រមព្រៀងស្តីពីធនធានរ៉ែ នៅត្រឹមថ្ងៃទី២៦ ខែមេសា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥។
យោងតាមអនុស្សារណៈយោគយល់មួយ ដែលចុះហត្ថលេខាដោយក្រុមមន្រ្តីអាមេរិកនិងអ៊ុយក្រែន ហើយចេញផ្សាយដោយរដ្ឋាភិបាលអ៊ុយក្រែន នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្រ្តី Shmyhal នឹងទៅធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៉ីនតោនឌីស៉ី ក្នុងសប្តាហ៍ខាងមុខនេះ ដើម្បីជួបជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ជុំវិញកិច្ចព្រមព្រៀងរ៉ែ។
គួរបញ្ជាក់ថា បើតាមសម្តីកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ស្តីពីការធ្វើអាជីវកម្មលើធនធានរ៉ែ អាចនឹងត្រូវចុះហត្ថលេខា នៅសប្តាហ៍ក្រោយ។ ការចុះកិច្ចព្រមព្រៀងនេះ ត្រូវបានពន្យារពេលមកទល់នឹងបច្ចុប្បន្ន បន្ទាប់ពីការទាស់សម្ដីគ្នារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី នៅឯសេតវិមាន កាលពីខែកុម្ភៈកន្លងទៅ៕