ប្រមុខការទូតអាមេរិក ព្រមានថា អាមេរិកនឹងបោះបង់ចោល កិច្ចប្រឹងប្រែងស្វែងរកសន្តិភាពរវាងរុស្ស៉ីនិងអ៊ុយក្រែន បើនៅតែគ្មានសញ្ញានៃភាពរីកចម្រើន (Video inside)
18-04-2025 15:07
(ប៉ារីស)៖ នៅថ្ងៃសុក្រ ទី១៨ ខែមេសា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិក បានត្រៀមលក្ខណៈជាស្រេច ដើម្បីបញ្ឈប់កិច្ចប្រឹងប្រែងជួយស្វះស្វែងរក កិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៉ីនិងអ៊ុយក្រែន ប្រសិនបើនៅតែមិនមានសញ្ញាច្បាស់លាស់ថា កិច្ចព្រមព្រៀងអាចសម្រេចទៅបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងនៅទីក្រុងប៉ារីស ក្រោយជំនួបជាមួយក្រុមមន្រ្តីអឺរ៉ុបនិងអ៊ុយក្រែន លោកប្រមុខការទូតអាមេរិក បានលើកឡើងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅមានចំណាប់អារម្មណ៍ ចំពោះកិច្ចព្រមព្រៀងសន្តិភាព សម្រាប់សង្រ្គាមអ៊ុយក្រែន ប៉ុន្តែទន្ទឹមគ្នាលោកក៏មានអាទិភាពជាច្រើនផ្សេងទៀត ជុំវិញពិភពលោកផងដែរ ដូច្នេះហើយលោកត្រៀមខ្លួនជាស្រេច ដើម្បីបោះបង់កិច្ចប្រឹងប្រែងនេះចោលវិញ លុះត្រាតែមានសញ្ញានៃភាពរីកចម្រើន។
គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់អំណាចកាលពីខែមករាមក រដ្ឋបាលលោក ត្រាំ បានព្យាយាមខ្នះខ្នែងជុំរុញឱ្យរុស្ស៉ីនិងអ៊ុយក្រែន ចរចាគ្នាដើម្បីបិទបញ្ចប់សង្រ្គាម ដែលបានអូសបន្លាយជាង៣ឆ្នាំមកហើយ ប៉ុន្តែមកទល់ពេលនេះ មិនទាន់សម្រេចបានលទ្ធផលជាដុំកំភួន នៅឡើយទេ ដោយភាគីទាំងពីរ នៅតែបន្តការវាយប្រហារដាក់គ្នា ជារៀងរាល់ថ្ងៃ៕