Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេលេនស្គី៖ អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីទិញប្រព័ន្ធមីស៉ីល Patriot យ៉ាងហោច១០គ្រឿង ពីសហរដ្ឋអាមេរិក (Video inside)

18-04-2025 14:07

(កៀវ)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនចង់ទិញប្រព័ន្ធមីស៉ីលការពារដែនអាកាស Patriot យ៉ាងហោច១០គ្រឿងពីសហរដ្ឋអាមេរិក ដើម្បីយកមកការពារខ្លួនប្រឆាំងការវាយប្រហាររបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា រូបលោកបានស្នើពីបំណងនេះ ទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានសន្យាថា នឹងធ្វើការពិចារណា។ លោក ហ្សេលេនស្គី បានអះអាងយ៉ាងដូច្នេះថា «អ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីទិញប្រព័ន្ធ Patriot យ៉ាងហោច១០គ្រឿង។ ខ្ញុំបានប្រាប់ប្រធានាធិបតី ត្រាំ អំពីចំនួនអប្បបរមានេះ អំឡុងកិច្ចសន្ទានាមួយតាមទូរស័ព្ទ។ លោក ត្រាំ បានប្រាប់ខ្ញុំវិញថា ភាគីអាមេរិកនឹងធ្វើការលើរឿងនេះ»

គួរបញ្ជាក់ថា Patriot គឺជាប្រព័ន្ធសព្វាវុធមានតម្លៃថ្លៃជាងគេបង្អស់ ដែលសហរដ្ឋអាមេរិក បានផ្គត់ផ្គង់ឱ្យមកអ៊ុយក្រែន។ តម្លៃសរុបនៃប្រព័ន្ធ Patriot គឺប្រហែលខ្ទង់១.១ពាន់លានដុល្លារ ដោយក្នុងនោះ៤០០លានដុល្លារ សម្រាប់ប្រព័ន្ធបាញ់ រ៉ាដា និងឧបករណ៍ពាក់ព័ន្ធផ្សេងៗ ព្រមទាំង៦៩០លានដុល្លារ សម្រាប់មីស៉ីល៕