(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា បាននិយាយថាកិច្ចព្រមព្រៀងមួយជាមួយអ៊ុយក្រែនស្ដីពីការធ្វើអាជីវកម្មលើធនធានរ៉ែ អាចនឹងត្រូវបានចុះហត្ថលេខានៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
កាលពីដំបូងឡើយ ទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរំពឹងថាខិតកាន់ជិតទៅរកការចុះកិច្ចព្រមព្រៀងស្ដីពីរ៉ែ។ តែការចុះកិច្ចព្រមព្រៀងនេះត្រូវបានពន្យារពេលមកទល់នឹងបច្ចុប្បន្ន បន្ទាប់ពីការទាស់សម្ដីគ្នារវាងលោក ដូណាល់ ត្រាំ និងលោក ហ្សេលេនស្គី នៅឯសេតវិមានកាលពីខែកុម្ភៈកន្លងទៅ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «យើងមានកិច្ចព្រមព្រៀងមួយស្ដីពីរ៉ែ ដែលខ្ញុំទាយទុកថានឹងត្រូវបានចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ។ ដូច្នេះយើងនឹងបានឃើញ។ ប៉ុន្តែយើងមាន កិច្ចព្រមព្រៀងមួយស្ដីពីរ៉ែ»។
គួរបញ្ជាក់ថា អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ក៏បានឱ្យដឹងដែរថាទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់មួយដែលជាជំហានដំបូងឆ្ពោះទៅរក ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការអភិវឌ្ឍធនធានរ៉ែនៅក្នុងប្រទេសអ៊ុយក្រែន៕