(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា បាននិយាយថាចិនបាន និងកំពុងផ្គត់ផ្គង់អាវុធ និងម្សៅរំសេវទៅឱ្យរុស្ស៉ី ហើយនេះ គឺជាលើកដំបូងបំផុតដែលលោកបានចោទប្រកាន់ដោយបើកចំហថាប៉េកាំងផ្ដល់ជំនួយយោធាដោយផ្ទាល់សម្រាប់ទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅឯសន្និសីទសារព័ត៌មានមួយ លោក ហ្សេលេនស្គី បានឱ្យដឹងទៀតថារដ្ឋាភិបាលរបស់លោកក៏ទទួលបានព័ត៌មានសម្ងាត់ដែរថាចិនកំពុងផលិតអាវុធនៅលើទឹកដីរុស្ស៉ី តែលោកថានឹងផ្ដល់ ព័ត៌មានលម្អិតបន្ថែមនៅសប្ដាហ៍ក្រោយ។ ចិនដែលជាមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោក មានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយរុស្ស៉ី អំឡុងសង្រ្គាម៣ឆ្នាំមកនេះរបស់ ទីក្រុងមូស្គូ នៅអ៊ុយក្រែន។ ប៉ុន្តែ ប៉េកាំងបានព្យាយាមបង្ហាញពីជំហរអព្យាក្រឹត និងបដិសេធការចូលរួមណាមួយនៅក្នុងសង្រ្គាមនេះ។ សម្រាប់ទីក្រុងកៀវ ការផ្គត់ផ្គង់អាវុធដោយផ្ទាល់របស់ ចិនឱ្យរុស្ស៉ីនឹងបិទបញ្ចប់ទាំងស្រុងនូវគោលជំហរបែបនេះ។
លោក ហ្សេលេនស្គី បានគូសបញ្ជាក់នៅឯសន្និសីទសារព័ត៌មានក្នុងទីក្រុងកៀវថា «នៅទីបញ្ចប់ យើងទទួលបានព័ត៌មានថាចិនកំពុងផ្គត់ផ្គង់អាវុធទៅឱ្យសហព័ន្ធរុស្ស៉ី...យើងក៏ជឿដែរថា តំណាងរបស់ចិនបាន និងកំពុងចូលរួមក្នុងការផលិតអាវុធមួយចំនួននៅលើទឹកដីរុស្ស៉ីទៀតផង»។ តែយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គីមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ រីឯខាង ភាគីចិនភា្លមៗក៏មិនបានធ្វើអត្ថាធិប្បាយអ្វីដែរ។
គួរបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីសប្ដាហ៍មុន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានសង្កត់ធ្ងន់ថាចិនមិនមែនជាអ្នកបង្កើតវិបត្តិនៅអ៊ុយក្រែននោះទេ ហើយចិនក៏មិនមែនជាភាគីជម្លោះនោះដែរ។ ផ្ទុយទៅវិញ ចិនជាអ្នកគាំទ្រយ៉ាងពេញទំហឹង និងយ៉ាងសកម្មដល់ការលើកកម្ពស់ការផ្សះផ្សារជម្លោះដោយសន្តិវិធី៕