(វ៉ាស៊ីនតោន)៖ សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន កាន់តែក្ដៅគគុកឡើងហើយ ជាមួយការដំឡើងពន្ធសងសឹកគ្នាទៅវិញទៅមក។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសយកពន្ធគយលើទំនិញនាំចូលពីចិន ១៤៥ភាគរយ និងថែមទាំងគំរាមទៀតផងថាប៉េកាំងអាចប្រឈមនឹងការយកពន្ធ ២៤៥ភាគរយ បន្ទាប់ពីចិនប្រកាសយកពន្ធសងសឹក ១២៥ភាគរយលើទំនិញនាំចូលពីសហរដ្ឋអាមេរិក។ លោក ត្រាំ កាលពីថ្ងៃអង្គារ ទី១៥ ខែមេសា បាននិយាយថា «ការសម្រេចចិត្តណាមួយ គឺអាស្រ័យលើចិន។ ចិនត្រូវការកិច្ចព្រមព្រៀងមួយជាមួយពួកយើង មិនមែនពួកយើងទេដែលត្រូវការកិច្ចព្រមព្រៀងជាមួយពួកគេ»។ តែព្រមពេលជាមួយគ្នា ចិនមិនបានបង្ហាញពីសញ្ញាចុះញ៉ម ឡើយ ដោយអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថាសហរដ្ឋអាមេរិកចាំបាច់ត្រូវបោះជំហានយ៉ាងធំមួយដើម្បីកែតម្រូវកំហុសរបស់ខ្លួន លុបចោលទាំងស្រុងនូវកំហុសឆ្គងនៃការអនុវត្តការយកពន្ធគយទៅមក និងត្រឡប់មករក ជំហានត្រឹមត្រូវនៃការគោរពគ្នាទៅវិញទៅមក។

ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ធ្វើឱ្យគេនឹកឃើញកាលពីសង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សទាំង២ កាលពីឆ្នាំ២០១៨ នៅក្រោមអាណត្តិទី១របស់លោក ត្រាំ។ ប៉ុន្តែស្ថានការណ៍ក្នុងពេលនេះមានភាពខុសគ្នា ច្រើន ដោយសារតែចិនត្រូវបានគេមើលឃើញថាបានត្រៀមលក្ខណៈល្អប្រសើរជាងកាលពីឆ្នាំ២០១៨។

* ទ្រឹស្ដីមនុស្សឆ្កួតរបស់សហរដ្ឋអាមេរិក និងការត្រៀមលក្ខណៈរបស់ចិន
ខុសពីអាណត្តិទី១ ដែលក្រុមមន្ត្រីអាមេរិកមួយចំនួនដូចជាអតីតនាយខុទ្ទការល័យសេតវិមាន លោក John Kelly និងអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក H.R. McMaster ធ្លាប់បានព្យាយាមរារាំងកុំឱ្យលោក ត្រាំ ដើរឆ្ងាយជ្រុលពេក នៅក្នុងពេលនេះ លោក ត្រាំ ប្រៀបដូចជាកំពុងជិះសេះលែងដៃ ដោយក្នុងជួររដ្ឋបាលត្រាំ ២.០ ភាគច្រើនសុទ្ធតែជាអ្នកមានជំហរតឹងរ៉ឹងប្រឆាំងចិន និងស្របតាមលោក ត្រាំ។ ដូច្នេះវាធ្វើឱ្យលោក ត្រាំ អាចអនុវត្តតាមទ្រឹស្ដីមនុស្សឆ្កួត ជាគោលនយោបាយការបរទេសមួយរបស់អតីតប្រធានាធិបតីអាមេរិក លោក Richard Nixon ដែលមានចេតនាធ្វើឱ្យគេជឿថាប្រធានាធិបតីអាមេរិកជាមនុស្សម្នាក់ដែលគេមិនអាចព្យាករបាននោះទេ។

ក៏ប៉ុន្តែ ចិនដែលលោក ត្រាំ កំពុងប្រឈមមុខសព្វថ្ងៃ ក៏មិនមែនជាចិនកាលពីឆ្នាំ២០១៨នោះដែរ។ «ចិនមានពេលវេលាគ្រប់គ្រាន់ក្នុងការត្រៀមលក្ខណៈធ្វើសង្រ្គាមពាណិជ្ជកម្មជាថ្មីណាមួយ។ ពួកគេមានការភ្ញាក់ផ្អើលខ្លះៗកាលពីឆ្នាំ២០១៨។ តែមានពេលមួយនោះ ជាពិសេសដោយសារតែការដំឡើងពន្ធលើចិនភាគច្រើននៅតែត្រូវបានអនុវត្តនៅក្រោមអាណត្តិរបស់លោក ចូ បៃដិន ពិតណាស់វាបានបញ្ជូនសារមួយឱ្យចិនថាយើងចាំបាច់ត្រូវតែចាប់ផ្ដើមត្រៀមលក្ខណៈការពារខ្លួន សម្រាប់នៅពេលស្ថានការណ៍ប្រែប្រួល»។ នេះជាយល់ឃើញរបស់លោក Marc Lanteigne ជាអ្នកជំនាញស្ដីពីចិនម្នាក់មកពីសាកលវិទ្យាល័យ The Arctic University of Norway។ លោក Xin Sun ជាអ្នកជំនាញស្ដីពីសេដ្ឋកិច្ចចិនមកពី សាកលវិទ្យាល័យ King's College London បាននិយាយថាអស់រយៈពេលជាង ៧ឆ្នាំកន្លងមកនេះ ចិនបានទទួលជោគជ័យក្នុងការធ្វើពិពិធកម្មមូលដ្ឋានសម្រាប់ការនាំចេញរបស់ខ្លួន។ ជាក់ស្ដែង ការនាំចេញរបស់ចិនពឹងផ្អែកលើអាមេរិក ត្រូវបានកាត់បន្ថយយ៉ាងសំខាន់។ កាលពីឆ្នាំ២០១៨ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក រ៉ាប់រងជាង ២០ភាគរយនៃការនាំចេញសរុបរបស់ចិន។ តែបច្ចុប្បន្ន តួលេខនេះត្រូវបានកាត់បន្ថយមកនៅត្រឹម១៤ភាគរយ។ ម្លោះហើយ ទោះជា ក្នុងពេលនេះអត្រាយកពន្ធគយមានកម្រិតខ្ពស់ជាងកាលពីឆ្នាំ២០១៨ក៏ដោយ ក៏ចិនមើលទៅបានត្រៀមលក្ខណៈបានល្អប្រសើរជាងពេលមុន។

«ម្យ៉ាងវិញទៀត ពាណិជ្ជកម្មរបស់ចិនជាមួយបណ្ដាប្រទេស Global South មានទំហំធំជាងពាណិជ្ជកម្មរបស់ចិនជាមួយក្រុមប្រទេស G7 ទៅទៀត។ ដូច្នេះបើធៀបទៅនឹងកាលពី១០ឆ្នាំមុន ចិនមិនសូវបារម្ភច្រើនចំពោះពន្ធគយអាមេរិក ដូចជា ពេលមុននោះទេ»។ នេះបើតាមលោក Johannes Petry ជាអ្នកជំនាញម្នាក់ស្ដីពីនយោបាយសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុចិន មកពីសាកលវិទ្យាល័យ Goethe University Frankfurt។ ក្រុមអ្នកជំនាញជាច្រើនជឿថាចិនក៏មានមធ្យោបាយ ច្រើនជាងសហរដ្ឋអាមេរិកផងដែរ ក្នុងការទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចនៅក្នុងសង្រ្គាមពាណិជ្ជកម្ម។ ត្រង់ចំណុចនេះ លោក Petry បានពន្យល់ថារដ្ឋាភិបាលចិនមានសមត្ថភាពយ៉ាងច្រើនខាងសារពើពន្ធ និងរូបិយវត្ថុ ក្នុងនោះចិនអាចបញ្ចុះ អត្រាការប្រាក់ អាចបង្កើនការចំណាយ ហើយណាមួយសព្វថ្ងៃបំណុលរដ្ឋាភិបាលចិន មិនខ្ពស់ដូចជាបំណុលរដ្ឋាភិបាលអាមេរិកនោះទេ។ មិនតែប៉ុណ្ណោះ នៅសហរដ្ឋអាមេរិក ឱនភាពបានកើនឡើងពីនៅក្រោម ៤ភាគរយ ក្នុងឆ្នាំ២០១៨ ដល់៦ភាគរយកាលពីឆ្នាំ២០២៤។ ក្នុងន័យនេះ រដ្ឋាភិបាលអាមេរិកបានដឹងយ៉ាងច្បាស់ថា នៅក្នុងករណីមានឱនភាពសេដ្ឋកិច្ច នោះពួកគេនឹងមិនមានជម្រើសច្រើនដូចដែលពួកគេធ្លាប់មានកាលពីឆ្នាំ២០១៨ ឡើយ។

* ឈ្លោះគ្នាជាមួយសម្ព័ន្ធមិត្ត ដូចហុចដងឱ្យចិន
ចិនក៏មានជម្រើសច្រើនដែរក្នុងការបង្កការខូចខាតសេដ្ឋកិច្ចដល់គូប្រជែង ឬសត្រូវរបស់ខ្លួន។ តាមលោក Xin Sun ចិនអាចដាក់ចេញការគ្រប់គ្រងយ៉ាងទូលំទូលាយលើការនាំចេញរ៉ែកម្រ ខណៈចិនកំពុងរឹតត្បិតការគ្រប់គ្រងលើការនាំចេញរ៉ែកម្រ មួយចំនួន តែមិនទាំងស្រុងនោះទេ។ អ្នកជំនាញរូបនេះជឿថាក្នុងករណីសង្រ្គាមពាណិជ្ជកម្មផ្ទុះឡើងកាន់តែខ្លាំង វាមានលទ្ធភាពអាចទៅរួចថាចិននឹងដាក់ចេញការរឹតត្បិតលើការនាំចេញរ៉ែកម្រមួយផ្នែកធំ។ ជម្រើសដ៏សំខាន់មួយរបស់អាមេរិក ដើម្បីអាចមានប្រៀបនៅក្នុងសង្រ្គាមពាណិជ្ជកម្ម នោះគឺរួមដៃគ្នាជាមួយសម្ព័ន្ធមិត្ត ដូចដែលខ្លួនបានធ្វើនៅក្នុងយុទ្ធនាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងអ៉ីរ៉ង់ និងរុស្ស៉ី។ ប៉ុន្តែ លោក ត្រាំ បានធ្វើឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនជាច្រើនអន់ចិត្តមិនតិចទេ។ «ប្រសិនបើលោក ត្រាំ មិនយកពន្ធគយទៅវិញទៅមកលើសហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូងទេ ម្ល៉េះលោកអាចបញ្ចុះបញ្ចូលឱ្យប្រទេសទាំងនេះចូលរួមបង្កើនការដាក់សម្ពាធលើចិន។ ខ្ញុំមិនគិតទេថារឿងបែបនេះអាចនឹងកើតឡើង នៅក្រោម កាលៈទេសៈសព្វថ្ងៃ។ ខ្ញុំគិតថាវានឹងលំបាកសម្រាប់សហរដ្ឋអាមេរិក ក្នុងការបញ្ចុះបញ្ចូលប្រទេសជាដៃគូ និងសម្ព័ន្ធមិត្តរួមដៃជាមួយខ្លួន ដើម្បីដោះស្រាយជាមួយចិន នៅក្នុងស្ថានការណ៍ដូចសព្វថ្ងៃ»។ នេះជាការគូសបញ្ជាក់របស់លោក Lanteigne។

ចំណែក លោក Xin Sun វិញបានកត់សម្គាល់ថាការឆ្លើយតបពីបណ្ដាប្រទេសដទៃចំពោះមហាយក្សសេដ្ឋកិច្ចទាំង២ នៅតែជាកត្តាមិនច្បាស់លាស់ដ៏សំខាន់នៅក្នុងសង្រ្គាមពាណិជ្ជកម្ម ២.០របស់លោក ត្រាំ។ ប្រសិនបើអាមេរិកជោគជ័យ ក្នុងការបញ្ចុះបញ្ចូល ឬបង្ខំឱ្យប្រទេសផ្សេងទៀតបិទបញ្ចប់ការយកពន្ធគយរបស់ពួកគេលើទំនិញអាមេរិក និងឈរនៅពីក្រោយខ្នងសហរដ្ឋអាមេរិក នៅក្នុងសង្រ្គាមពាណិជ្ជកម្មប្រឆាំងនឹងចិន នោះវានឹងក្លាយជាសេណារីយ៉ូដ៏អាក្រក់សម្រាប់ ប៉េកាំង។ បើតាមលោក Xin Sun នេះជាហេតុផលមួយដែលចិនសម្រេចចិត្តចាត់វិធានការសងសឹកភ្លាមៗ និងខ្លាំងក្លាបំផុតប្រឆាំងការយកពន្ធគយរបស់លោក ត្រាំ។ ពីព្រោះវាជាការបញ្ជូនសារយ៉ាងម៉ឺងម៉ាត់ ទៅកាន់ប្រទេសផ្សេងទៀតឱ្យបានដឹង ថាវានឹងមិនមានការលើកលែងពីចិនទេ ចំពោះរបាំងពាណិជ្ជកម្ម និងការយកពន្ធគយប្រភេទនេះ។ បានន័យថាប្រសិនបើនរណាមួយចង់ ឬហ៊ានដំឡើងពន្ធគយប្រឆាំងចិន តាម ឬដូចគ្នាទៅនឹងសហរដ្ឋអាមេរិក នោះពិតណាស់ពួកគេក៏នឹងត្រូវ ត្រៀមខ្លួនឱ្យហើយប្រឈមមុខនឹងផលវិបាកផងដែរ៕