(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni នៅថ្ងៃព្រហស្បតិ៍នេះ ជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសេតវិមាន ក្នុងបេសកកម្មដ៏សំខាន់មួយ ដើម្បីព្យាយាមសម្របសម្រួល និងដោះស្រាយភាពតានតឹងផ្នែកពាណិជ្ជកម្មដែលបង្កឡើងដោយពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកលើសហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥។

លោកស្រី Meloni ដែលជាមេដឹកនាំអភិរក្សនិយម និងជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ត្រាំ ហើយក៏ជាមេដឹកនាំសហភាពអឺរ៉ុបតែម្នាក់គត់ដែលបានចូលរួមពិធីឡើងកាន់តំណែងរបស់លោក ត្រាំ កាលពីខែមករា ត្រូវបានគេមើលឃើញថា មានបំណងដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់។ បច្ចុប្បន្ន សហភាពអឺរ៉ុបកំពុងប្រឈមនឹងពន្ធ ២៥% លើដែកថែប អាលុយមីញ៉ូម និងរថយន្ត ព្រមទាំងពន្ធទូលំទូលាយផ្សេងទៀតក្រោមគោលនយោបាយរបស់លោក ត្រាំ។ ទោះជាយ៉ាងណា ការផ្អាកពន្ធគយរយៈពេល ៩០ថ្ងៃ របស់លោក ត្រាំ បានត្រឹមតែពន្យារពេលវិបត្តិប៉ុណ្ណោះ។

មន្ត្រីជាន់ខ្ពស់អាមេរិក បានពណ៌នាទំនាក់ទំនងរវាងលោក ត្រាំ និងលោកស្រី Meloni ថាជា «ទំនាក់ទំនងពិសេស» ហើយថាលោក ត្រាំ ចាត់ទុកលោកស្រីថាជា «អ្នកប្រាស្រ័យទាក់ទងដ៏មានតម្លៃ» រវាងអាមេរិក និងអឺរ៉ុប។ លោក ត្រាំ ត្រូវបានគេរំពឹងថានឹងបញ្ជាក់ពីការរំពឹងទុករបស់លោក ឲ្យអ៊ីតាលី និងអឺរ៉ុបទាំងមូលក្លាយជា «ដៃគូពាណិជ្ជកម្មដ៏ល្អ» ជាមួយអាមេរិក។ បន្ថែមពីលើពាណិជ្ជកម្ម មេដឹកនាំទាំងពីរក៏នឹងពិភាក្សាពីការបង្កើនការចំណាយការពារជាតិណាតូ ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងការកសាងឡើងវិញផងដែរ។

លោកស្រី Meloni កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ ដោយត្រូវរក្សាតុល្យភាពរវាងទំនាក់ទំនងមនោគមវិជ្ជារបស់លោកស្រីជាមួយលោក ត្រាំ និងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ដែលភាគច្រើនរិះគន់គោលនយោបាយពន្ធគយ និងជំហររបស់លោក ត្រាំ លើបញ្ហាអ៊ុយក្រែន។ ទន្ទឹមនឹងនេះ លោកស្រីក៏រងសម្ពាធក្នុងស្រុក ដើម្បីការពារសេដ្ឋកិច្ចអ៊ីតាលីដែលពឹងផ្អែកលើការនាំចេញផងដែរ ខណៈដែលត្រូវតំណាងឲ្យផលប្រយោជន៍របស់សហភាពអឺរ៉ុបទាំងមូល។

មន្ត្រីបារាំងមួយចំនួនព្រមានថា ដំណើរទស្សនកិច្ចនេះអាចធ្វើឲ្យប៉ះពាល់ដល់សាមគ្គីភាពអឺរ៉ុប ប៉ុន្តែគណៈកម្មការអឺរ៉ុបដែលទទួលបន្ទុកចរចាពាណិជ្ជកម្ម បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកស្រីនេះ។ កិច្ចប្រជុំបន្តបន្ទាប់របស់លោកស្រីជាមួយអនុប្រធានាធិបតីអាមេរិក លោក JD Vance នៅទីក្រុងរ៉ូម នឹងក្លាយជាគន្លឹះក្នុងការកំណត់ថាតើលោកស្រីអាចដើរតួនាទីជាអ្នកសម្រុះសម្រួលប្រកបដោយប្រសិទ្ធភាពបានដែរឬទេ។

គួរបញ្ជាក់ថា លទ្ធផលនៃកិច្ចពិភាក្សារវាងលោក ត្រាំ និងលោកស្រី Meloni អាចនឹងមានឥទ្ធិពលយ៉ាងសំខាន់ទៅលើអនាគត នៃទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕