(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ​ បានសម្រេចលុបឈ្មោះក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវករ ដែលខ្លួនបានកំណត់អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដែលជាចំណាត់ការមួយត្រួសត្រាយផ្លូវឲ្យទីក្រុងម៉ូស្គូធ្វើឲ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញ ជាមួយមេដឹកនាំបច្ចុប្បន្នរបស់អាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានរាយការណ៍ថា តុលាការកំពូលបានសម្រេចលុបចោលការហាមឃាត់នេះ (ដែលបានដាក់តាំងពីឆ្នាំ ២០០៣) ដោយនឹងមានប្រសិទ្ធភាពភ្លាមៗ។ បច្ចុប្បន្ន គ្មានប្រទេសណាមួយទទួលស្គាល់ជាផ្លូវការនូវរដ្ឋាភិបាលតាលីបង់ ដែលបានឡើងកាន់អំណាចកាលពីខែសីហា ឆ្នាំ២០២១ នោះទេ ប៉ុន្តែរុស្ស៊ីបាននិងកំពុងកសាងទំនាក់ទំនងជាបណ្តើរៗជាមួយចលនានេះ ដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីឆ្នាំមុនបានហៅថាជាសម្ព័ន្ធមិត្តក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម។

ទីក្រុងម៉ូស្គូមើលឃើញពីតម្រូវការ ក្នុងការធ្វើការជាមួយក្រុមតាលីបង់ ខណៈដែលខ្លួនប្រឈមនឹងការគំរាមកំហែងផ្នែកសន្តិសុខ ពីក្រុមសកម្មប្រយុទ្ធឥស្លាមនិយមដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន និងតំបន់ផ្សេងទៀត។ កាលពីខែមីនា ឆ្នាំ២០២៤ ការវាយប្រហារនៅសាលប្រគុំតន្ត្រីក្រៅទីក្រុងម៉ូស្គូ ដែលសម្លាប់មនុស្ស ១៤៥នាក់ ត្រូវបានក្រុមរដ្ឋឥស្លាម (ISIS) អះអាងទទួលខុសត្រូវ ខណៈក្រុមតាលីបង់អះអាងថា ខ្លួនកំពុងធ្វើការលុបបំបាត់ក្រុមនេះចេញពីអាហ្វហ្គានីស្ថាន។

ទោះជាយ៉ាងណា អ្នកការទូតលោកខាងលិចយល់ថា ផ្លូវរបស់ក្រុមតាលីបង់ឆ្ពោះទៅរកការទទួលស្គាល់ជាអន្តរជាតិ នឹងនៅតែជាប់គាំង ដរាបណាក្រុមនេះមិនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនលើសិទ្ធិស្ត្រី។ ក្រុមតាលីបង់បានបិទសាលាមធ្យមសិក្សា និងសាកលវិទ្យាល័យសម្រាប់ក្មេងស្រី និងស្ត្រី ព្រមទាំងដាក់កម្រិតលើការធ្វើដំណើររបស់ពួកគេដោយគ្មានអាណាព្យាបាលបុរស។

គួរបញ្ជាក់ថា ការដកក្រុមតាលីបង់ចេញពីបញ្ជីភេរវកររបស់រុស្ស៊ី អាចនឹងបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសលើបញ្ហាសន្តិសុខក្នុងតំបន់៕