(ម៉ូស្គូ)៖ ប្រមុខរដ្ឋនៃប្រទេសកាតា Emir Sheikh Tamim bin Hamad Al-Thani បានទៅដល់ទីក្រុងម៉ូស្គូ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសានេះ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ស្តីពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា ក្នុងដំណើរទស្សនកិច្ចមួយដែលវិមានក្រឹមឡាំងបានចាត់ទុកថា «មានសារៈសំខាន់ខ្លាំង»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា មេដឹកនាំទាំងពីរនឹងមាន «ការសន្ទនាដ៏សំខាន់» លើបញ្ហាជាច្រើន។ លោកបានប្រាប់អ្នកសារព័ត៌មានថា «វាពិបាកនឹងមើលស្រាលតួនាទីរបស់កាតាក្នុងកិច្ចការតំបន់ និងពិភពលោកណាស់... កាតាគឺជាដៃគូដ៏ល្អរបស់យើង ទំនាក់ទំនងរុស្ស៊ី-កាតាកំពុងអភិវឌ្ឍយ៉ាងស្វាហាប់»។
ប្រទេសកាតា ដែលមានទំនាក់ទំនងល្អជាមួយភាគីជាច្រើន បានព្យាយាមដើរតួជាអ្នកសម្របសម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយបានជួយក្នុងការបង្រួបបង្រួមកុមារដែលបានបែកពីឪពុកម្តាយក្នុងពេលសង្គ្រាម។ ភាគីទាំងពីរបានបញ្ជាក់នៅសប្តាហ៍នេះថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងស្វែងរកកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន ខណៈដែលរដ្ឋបាលលោក ត្រាំ ក៏កំពុងព្យាយាមបញ្ចប់សង្គ្រាមនេះដែរ ប៉ុន្តែទីក្រុងម៉ូស្គូយល់ថា វាមិនងាយស្រួលក្នុងការសម្រេចបានទេ។
រដ្ឋមន្ត្រីការបរទេសកាតា លោក Mohammed Al-Khulaifi បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីថា កិច្ចពិភាក្សានឹងគ្របដណ្តប់លើបញ្ហាស៊ីរី តំបន់ហ្គាហ្សាស្ទ្រីប និងថាមពល រួមទាំងឧស្ម័នធម្មជាតិរាវ (LNG) ផងដែរ។ លោក Peskov បានបន្ថែមថា មេដឹកនាំទាំងពីរក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួនផងដែរ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បង្ហាញពីតួនាទីការទូតដ៏សកម្មរបស់កាតានៅលើឆាកអន្តរជាតិ និងទំនាក់ទំនងដ៏សំខាន់រវាងដូហា និងម៉ូស្គូ លើបញ្ហាតំបន់ និងសកលលោក៕