(សេអ៊ូល)៖ នាវាល្បាតកូរ៉េខាងត្បូង បានធ្វើការបាញ់កាំភ្លើងយន្តជាលើកដំបូងទៅលើនាវារបស់ចិន ដែលបាន ធ្វើការនេសាទខុសច្បាប់នៅក្នុងបរិវេណ នៃដែនសមុទ្ររបស់កូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយរបស់ សារព័ត៌មានបារាំង AFP ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៦។
មន្រ្តីជាន់ខ្ពស់នៃកងនាវាល្បាតដែនសមុទ្រកូរ៉េខាងត្បូង លោក Kim Jung-Shik បានឲ្យដឹងថា បទបញ្ជាឲ្យ បើកការវាយប្រហារនេះត្រូវបានដាក់ចេញ អំឡុងពេលនៃការប្រឈមមុខដាក់គ្ នាជាមួយនឹងទូកនេសាទ របស់ប្រទេសចិនជាង៣០គ្រឿង ដែលកំពុងតែធ្វើការនេសាទខុសច្បាប់នៅក្បែរសមុទ្រលឿង ជាប់នឹងព្រំប្រទល់កូរ៉េខាងជើង។
លោក Kim បានថ្លែងថា «ពួកគេ (ទូកនេសាទចិន) បានព្យាយាមបើកបុកទូកល្បាតរបស់យើង ទោះបីយើង បានព្រមានពួកគេដដែលៗយ៉ាងណាក្តី ហើយខ្ញុំបានគិតថាមន្រ្តីរបស់យើង អាចនឹងស្ថិតនៅក្នុងគ្រោះថ្នាក់ ដូច្នេះហើយទើបបានបង្ខំចិត្តប្រើជម្រើសចុងក្រោយ ដោយធ្វើការបាញ់កាំភ្លើងយន្តទៅលើនាវានេសាទ របស់ចិនទាំងនោះតែម្តង»។
ការបាញ់ប្រហារលើកទីមួយបានសំដៅទៅលើផ្ទៃអាកាស ដើម្បីជាការគំរាមប៉ុណ្ណោះទេ ប៉ុន្តែក្រោយមក កងនាវាល្បាតក៏ទទួលបានបញ្ជាឲ្យបាញ់កាំភ្លើងយន្ត ទៅលើផ្នែកខាងមុខនៃក្រុមទូកនេសាទចិន ដែលបានបោះពួយយ៉ាងលឿនមករកនាវាល្បាតរបស់កូរ៉េខាងត្បូង។
គួរបញ្ជាក់ដែរថា ការនេសាទខុសច្បាប់របស់ទូកនេសាទចិន ចូលមកក្នុងដែនសមុទ្រនៃប្រទេសកូរ៉េខាងត្បូង បានបង្កជាផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ អស់រយៈពេលជាច្រើនឆ្នាំ ហើយការប៉ះទង្គិចគ្នារវាងចិន និងកូរ៉េខាងត្បូង នៅតាមដែនសមុទ្រដោយសារតែរឿងនេះ ក៏ធ្លាប់បានកើតមានឡើងជាច្រើនលើកមកហើយដែរ៕