(ប៉េកាំង)៖ ប៉ុន្មានថ្ងៃខាងមុខនេះ នាវាដឹកជញ្ជូនរថយន្តឈ្មោះ "Shenzhen" ដែលមានចំណុះដាក់លើកទំនិញធំបំផុត លើទូទាំងពិភពលោក នឹងដាក់ឱ្យធ្វើនាវាចរណ៍ជាលើកដំបូងពីខេត្ត Jiangsu ប្រទេសចិន។ ទិន្នន័យបានបង្ហាញថា ក្នុងត្រីមាសទីមួយឆ្នាំនេះ ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ចិន បានដឹកជញ្ជូនរថយន្តថាមពលថ្មីជាង ២៥,០០០ គ្រឿងទៅកាន់ក្រៅប្រទេសដែលបានកើនឡើង១១០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

ផលិតផលថាមពលថ្មីរបស់ចិន បាននាំចេញទៅកាន់បរទេស វាមិនត្រឹមតែនាំមកនូវគំនិតថ្មីនិង "ភាពបៃតង" ទៅកាន់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏បានក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញពាណិជ្ជកម្មជាមួយបរទេស របស់ចិនផងដែរ ។ តាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋាភិបាលចិន នាពេលថ្មីៗកន្លងទៅនេះ បានបង្ហាញឱ្យឃើញថា ក្នុងត្រីមាសទីមួយ ទំហំនាំចេញនាំចូលខាងពាណិជ្ជកម្មទំនិញរបស់ចិនមានចំនួន ១០,៣ ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង១,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ការនាំចេញបានកើនឡើង៦,៩ ភាគរយដែលសម្រេចបាននូវការចាប់ផ្តើមប្រកបដោយភាពនឹងនរជាទូទៅ។

ប្រឈមមុខនឹងបញ្ហាប្រឈមខាងក្រៅ ដូចជាបន្តុករបាំងពន្ធគយជាដើម តើភាពធន់នៃពាណិជ្ជកម្មជាមួយបរទេស របស់ចិនមកពីណា ? លោក Wang Xiaosong សាស្ត្រាចារ្យនៃសកលវិទ្យាល័យប្រជាជនចិន បានថ្លែងថា នេះគឺដោយមកពីសេដ្ឋកិច្ចចិនមានសភាពការណ៍ល្អប្រសើរជាទូទៅ មានទីផ្សារធំធេងនិងមានសក្ដានុពលខ្លាំង ជាពិសេសគឺ ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់មានភាពធន់ដ៏ខ្លាំងក្លា ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមកពីគាំពារនិយម ខាងពាណិជ្ជកម្មមានសភាពកាន់តែធ្ងន់ធ្ងរ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយ កើតមានជាបន្តបន្ទាប់ បានជាស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល កំពុងរងការគំរាមកំហែង។ ដោយឡែកប្រទេសចិនកំពុង បង្កើតទីផ្សារមានពិពិធកម្មយ៉ាងសកម្ម វាមិនត្រឹមតែបានបំពេញបន្ថែមកម្លាំងចលករដល់ការអភិវឌ្ឍនៃដៃគូពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងក៏បានពង្រឹងសមត្ថភាពទប់ទល់នឹងហានិភ័យរបស់ខ្លួនទៀតផង។

ក្នុងត្រីមាសទីមួយឆ្នាំនេះ អាស៊ានបានបន្តកាន់ឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ប្រទេសចិន ក្នុងនោះ ការនាំចេញនាំចូល បានកើនឡើង ៧,១ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំមុនដែលអនុបាត នៃពាណិជ្ជកម្មជាមួយបរទេស របស់ប្រទេសចិន ត្រូវបានលើកកម្ពស់ដល់ ១៦,៦ ភាគរយ ។ ព្រមពេលជាមួយគ្នានេះ ការនាំចេញនាំចូល របស់ប្រទេសចិន ជាមួយសហភាពអឺរ៉ុបបានកើនឡើង ១,៤ ភាគរយ ។ លើសពីនេះទៅទៀត ការនាំចេញនាំចូលរបស់ប្រទេសចិន ជាមួយប្រទេសដែលចូលរួមក្នុងការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" បានកើនឡើង ២,២ ភាគរយបើប្រៀបធៀបរយៈពេល ដូចគ្នានៃឆ្នាំ ២០២៤ ហើយអុនបាតនៃពាណិជ្ជកម្ម ជាមួយបរទេសរបស់ប្រទេសចិនមានដល់ទៅ ៥១,១ ភាគរយ ។ ទោះបីជារងការរំខាននិងការវាយប្រហារ ពីការប្រើប្រាស់ពន្ធគយ យ៉ាងអនាធិបតេយ្យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ដោយ ក៏ពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាមេរិក នៅតែរក្សាកំណើនចំនួន ៤ ភាគរយក្នុងត្រីមាសទីមួយឆ្នាំនេះដដែល។

គួរបញ្ជាក់ថា សហគ្រាសទុនបរទេសបានដើរតួនាទីកាន់តែសំខាន់ ក្នុងពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន ។ ទិន្នន័យបានបង្ហាញថា ក្នុងត្រីមាសទីមួយឆ្នាំនេះ សហគ្រាសទុនបរទេសដែលទទួលបានសមិទ្ធផល ជាក់ស្តែងខាងការនាំចេញនាំចូលមានចំនួនលើសពី ៦ ម៉ឺន ៧ ពាន់សហគ្រាសដែលបានបំបែកកំណត់ត្រាថ្មី ក្នុងរយៈពេលជិតបីឆ្នាំកន្លងមក ។ ទំហំនាំចេញនាំចូលរបស់សហគ្រាសទុនបរទេសមានចំនួន ២,៩៩ ទ្រីលានយាន់ប្រាក់ចិនដែលសម្រេចបាននូវកំណើនក្នុងរយៈពេល ៤ ត្រីមាសជាប់ៗគ្នា។

ចាប់ពីខែមេសាមក សហរដ្ឋអាមេរិកបានដំឡើងអ្វីដែលហៅថា "ពន្ធគយបដិការ"ចំពោះដៃគូពាណិជ្ជកម្មទាំងអស់ ដែលបង្កជាផលប៉ះពាល់កាន់តែខ្លាំងចំពោះពាណិជ្ជកម្មសកល ។ ប្រឈមមុខនឹង"ព្យុះពន្ធគយ"លើកនេះ មួយផ្នែក ប្រទេសចិនបានលើកឡើងពីការពន្លឿនការធ្វើសមាហរណកម្មពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេស មួយផ្នែកទៀត ចិនបានពង្រីកការបើកទូលាយយ៉ាងមុតមាំមិនងាករេ ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី ៥ និងពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន (ពិព័រណ៍ Caton )លើកទី ១៣៧ បានប្រារព្ធធ្វើជាបន្តបន្ទាប់ ហើយទ្រង់ទ្រាយនៃការចូលរួមការតាំងពិព័រណ៍ សុទ្ធតែបានបំបែកកំណត់ត្រាខ្ពស់ថ្មី។

ហេតុនេះហើយបានជា ពិភពលោកអាចឃើញច្បាស់ថែមមួយកម្រិតទៀតថា ការពារនិយមគ្មានច្រកចេញទេ មានតែកិច្ចសហប្រតិបត្តិការ និងការបើកទូលាយទើបអាច ទទួលបានជ័យជម្នះនៅពេលអនាគត៕

វិទ្យុមិត្តភាពកម្ពុជាចិន