ហ្វាំងឡង់ នឹងបន្តបិទព្រំដែនភាគខាងកើតជាប់ជាមួយរុស្ស៉ី រហូតដល់មានការជូនដំណឹងថ្មី (Video inside)
17-04-2025 16:12
(ហែលស៉ិនគី)៖ កាលពីថ្ងៃពុធ ទី១៦ ខែមេសា ប្រទេសហ្វាំងឡង់បាននិយាយថា ខ្លួនបានសម្រេចចិត្តថា នឹងបន្តបិទព្រំដែនភាគខាងកើត ជាប់ជាមួយប្រទេសរុស្ស៉ី រហូតដល់មានការជូនដំណឹងថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋាភិបាលទីក្រុងហែលស៉ិនគី បាននិយាយថា ការសម្រេចចិត្តដូចខាងលើ គឺដោយសារហានិភ័យនៅតែមាន អំពីការបន្តឡើងវិញ និងការរីកធំថែមទៀត នៃបញ្ហាអន្តោប្រវេសន៍ ដែលត្រូវបានប្រើប្រាស់ជាឧបករណ៍ ដូចដែលបានមើលឃើញ កាលពីពេលកន្លងមក ប៉ុន្តែខ្លួននឹងបន្តវាយតម្លៃស្ថានការណ៍ជាប្រចាំ ហើយអាចលុបចោលឬកែសម្រួលការសម្រេចចិត្តវិញ ប្រសិនបើការបើកព្រំប្រទល់ ត្រូវបានកំណត់ថា លែងបង្កការគំរាមកំហែងធ្ងន់ធ្ងរ ចំពោះសន្តិសុខជាតិ ឬសណ្តាប់ធ្នាប់សាធារណៈ តទៅទៀត។
គួរបញ្ជាក់ថា ហ្វាំងឡង់បានបិទព្រំដែនគោកជាមួយរុស្ស៉ី ចាប់តាំងតែពីចុងឆ្នាំ២០២៣ ចំពេលមានការកើនឡើងខ្ពស់ខុសប្រក្រតី នូវចំនួនជនចំណាកស្រុកមកពីប្រទេសផ្សេងៗ រួមមានទាំងស៉ីរីនិងសូម៉ាលី។ ទីក្រុងហែលស៉ិនគី បានចោទប្រកាន់លើទីក្រុងមូស្គូថា ប្រើប្រាស់បញ្ហាអន្តោប្រវេសន៍ជាឧបករណ៍ ប្រឆាំងនឹងហ្វាំងឡង់ ដើម្បីសងសឹកចំពោះការចូលជាសមាជិកអង្គការ NATO ក៏ប៉ុន្តែរុស្ស៉ីបានច្រានចោលការចោទប្រកាន់បែបនេះ៕